ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនទម្រង់ការ” អាពាហ៍ពិពាហ៍”(តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)

 វារៈដំបូង:ត្រូវសុំអនុញ្ញាតធ្វើពិធីចងដៃកូន ប្រុស-ស្រី គឺកូនប្រុសត្រូវចងដៃនៅរោងផ្កាស្លា កូនស្រីចងដៃនៅផ្ទះការ។ ក្នុងវេលាចងដៃនេះក្តី ក្នុងថ្ងៃស្អែកឯណាក្តីសាមីខ្លួនកូនប្រុស – ស្រីត្រូវស្អាងកាយយ៉ាងពេញទីតាមទំនៀមគឺ ទាំងកូនប្រុស-ស្រី ត្រូវស្លៀកសំពត់ពាក់អាវពណ៌ក្រហមសុទ្ធ ឬពណ៌លាយដោយពណ៌ក្រហម សំពត់ដែលធ្លាប់ប្រើមកហើយគឺសំពត់ល្បើក សំពត់ផាមួង សំពត់ហូល សំពត់សារបាប់ ជាដើម ហើយត្រូវស្លៀកសម្លុយទាំងពីរនាក់ ហាមមិនឱ្យស្លៀកចងក្បិនដូចកាលប្រក្រតី។ ចំណែកឯអាវកូនប្រុសត្រូវពាក់អាវព្រែ អាវល្បើក អាវផ្កាមាស ផ្កាប្រាក់ អាវសារ៉ាបាប់ជាដើមឯណានីមួយ ហើយពាក់អាវក្រហមមួយជាន់ទៀតកូនស្រីត្រូវពាក់អាវព្រែសម័យឯណានីមួយក៏បាន តែអ្នកមានគេច្រើនប្រើស្បៃតែងជាកូនល្ខោនក្បាលប្រដាប់ដោយរបៃស្លាបក្រភេមក៏មាន របៃដិមក៏មាន ក្បាំងណាក៏មាន តែអ្នកស្រុកក្រុងសម័យឥឡូវនេះ គេមិនយកប្រដាប់ប្រដាមកតាក់តែងកាយក្បាលឲ្យរយោងច្រើនដូចសម័យបុរាណទេ  ក្រៅពីនេះកូនប្រុសត្រូវយកប្រដាប់មានចិញ្ចៀនដ៏មានតម្លៃផ្សេងៗជាច្រើនវង់ ក្រវាត់ខ្សែ ក្រវាត់មាសប្រាក់ជាដើម កូនស្រីត្រូវតែងខ្លួនប្រដាប់ដោយខ្សែកខ្សែដៃទហ៊ូ ចិញ្ចៀននិងក្រវាត់ខ្សែ ក្រវាត់មាសប្រាក់ជាដើមយ៉ាងច្រើនរន្ទាល។

 ឯរបៀបចងដៃដែលអ្នកមហាសុំអនុញ្ញាតអម្បាញ់មិញនេះត្រូវមានរបៀបដូច្នេះគឺចម្អាប២ថាសឬ២តុ បង្អែម 2ថាសឬ២តុ អ្នកសាមីខ្លួនត្រូវចេញមកក្រាបនៅកណ្តាលទីប្រជុំអស់លោកមេបា ពួកមេបាននាំគ្នាសែនព្រេនជីដូនជីតារួចហើយ ត្រូវយកអំបោះសចងដៃអ្នកសាមីខ្លួន។ ក្នុងវេលាដែលពួកមេបាកំពុងចងដៃនោះអ្នកភ្លេងត្រូវលេងភ្លេងបទផាត់ជាយ និងភ្លេងបាយខុន។

  ក្នុងវេលាម៉ោង 7 នៅម៉ោង 8យប់ត្រូវលាងភ្ញៀវដែលអញ្ជើញមកជាកិត្តិយសក្នុងពិធីមង្គលការនោះពួកងាវទាំងប៉ុន្មានកាលបើទទួលស្រស់ស្រូបជប់លៀងរួចហើយត្រូវចងដៃបញ្ចប់ព្រលឹងកូនប្រុសស្រីដោយប្រាក់កាសឬទ្រព្យផ្សេងៗដៃបញ្ចប់ព្រលឹងក្នុងពិធីរៀបមង្គលការនេះជាការគួរសមណាស់ឈ្មោះថា ជាការសង្គ្រោះដល់ប្ដីប្រពន្ធជាគូស្វាមីថ្មីៗនេះ ព្រោះអ្នកដែលមានគូស្រករហើយ ត្រូវបែកចេញពីមាតាបិតាឬអាណាព្យាបាលទៅនៅរកស៊ីជាឥស្សរភាពចំពោះខ្លួនឯង កាលពួកញាតិមិត្តនាំយកប្រាក់កាសនិងទ្រព្យរបស់ផ្សេងៗមកឲ្យ ក៏នឹងបានជាដើមទុនរកស៊ីតាំងខ្លួនឯងតទៅ។ ទំនៀមនេះគួរនាំគ្នាធ្វើតទៅកុំបីបោះបង់ចោល។ក្នុងវេលាម៉ោង ១២យប់សាមីខ្លួនកូនស្រីនោះមិនដែលធ្វើធ្មេញតាំងពីក្មេងមក អាចារ្យត្រូវរៀបធ្វើធ្មេញឲ្យ។ ក្នុងឱកាសនោះរបៀបធ្វើធ្មេញនោះដូចម្ដេច មានពណ៌នសក្នុងរឿងកូនស្រីចូលម្លប់ឯណោះ តែទំនៀមនេះគេបានបោះបង់ចោលច្រើនមិនសូវធ្វើទេ។

  វារៈទី២: ក្នុងវេលាម៉ោង១០យប់អ្នកមហាត្រូវសុំអនុញ្ញាតរៀបរៀងផ្លែឈើក្នុងទីនេះ សំដៅយកនំផ្សេងៗ ដែលគេវេចជាកញ្ចប់ៗ  តាមទំនៀមបុរាណលោកជ្រើសរើសយកស្រីជំទង់ក្រមុំ ប្រុសជំទង់កំលោះ ដែលបរិសុទ្ធបីដូចជាព្រហ្ម នៅព្រហ្មលោក គឺស្រីមិនធ្លាប់មានប្រុស ប្រុសមិនធ្លាប់មានស្រី ដែលហៅតាមភាសាបាលីថា ព្រហ្មចារី អ្នកប្រព្រឹត្តដូចព្រហ្មស្រីយក៤នាក់ មកសន្មត់ឈ្មោះជានាងកែវ នាងកង នាងមាស នាងប្រាក់ ។ ប្រុសយកបួននាក់សន្មតឈ្មោះថា ចៅមាន ចៅបាន ចៅសុខ ចៅជ័យនិងត្រូវយកអ្នកមហាធំទាំងពីរនាក់ ឲ្យធ្វើជាចៅមឿងគឺជាអធិបតីឲ្យជាអ្នករៀបរៀងផ្លែឈើ។ការដែលយកស្រីប្រុសមកសន្មត់ឈ្មោះទៅផ្សេងៗឱ្យជាអ្នករៀបរៀងផ្លែឈើនោះ ជាប្រផ្នូលឲ្យភរិយាស្វាមីគូថ្មីនោះបាននូវសេចក្តីត្រជាក់ត្រជុំសេចក្តីមានបាន សេចក្តីសុខសួស្ដីជ័យមង្គលប៉ុណ្ណោះឯង។ ក្នុងវេលារៀបរៀងផ្លែឈើ អ្នកភ្លេងត្រូវលេងភ្លេងប៉ុកពើក ភ្លេងម្លប់ដូង ភ្លេងស្វាយក្នុងវត្ត តែតម្រាខ្លះគ្មានភ្លេងប៉ុកពើក ដាក់ភ្លេងសារិកាកែវជំនួស។

 (នៅមានត)

ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ចៅតាជេត


ចែករំលែក៖