ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿង ជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។

ពិធីប្រគល់ធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង និងលោកឧកញ៉ាបណ្ឌិត ជា រតនា នៅអគ្គបញ្ជាការដ្ឋាន។

លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដនាឱកាសនេះ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ដឹកជញ្ជូនសង្រ្គោះអ្នកជំងឺបានទាន់ពេលវេលា។ 

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ លោកឧកញ៉ាបណ្ឌិត ជា រតនា ដែលកន្លងមកបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើសេវាសាធារណៈ ពិសេសផ្នែក​សុខាភិបាល ដែលជាកិច្ចការសំខាន់បំផុត​មិនអាច​ខ្វះ​បាន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន ថានឹងធ្វើការបែងចែករថយន្តសង្គ្រោះបន្ទាន់នេះទៅមណ្ឌលសុខភាពឃុំកំពង់ប្រាំង ០១ គ្រឿង, ឃុំពោធិ៍រៀង ០១គ្រឿង និងប្រើប្រាស់ឲ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕

ដោយ៖ សូរិយា


ចែករំលែក៖