ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឃាតកម្ម(ប្រើចបកាប់ដងដែកវាយលើជនរងគ្រោះបណ្តាលឱ្យស្លាប់)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទីល្ងាច កម្លាំងជំនាញខណ្ឌបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយប៉ាក ចុះឃាត់ខ្លួនជនសង្ស័យម្នាក់  ករណីឃាតកម្ម(ប្រើចបកាប់ដងដែកវាយលើជនរងគ្រោះបណ្តាលឱ្យស្លាប់) នៅត្រង់ចំណុចផ្ទះលេខ១៦៧A ផ្លូវជាតិលេខ៥ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ជនរងគ្រោះឈ្មោះ មុំ ហៀង ភេទស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ មុខរបរនៅផ្ទះ។

    ចំណែកជនដៃដល់ឈ្មោះ ឯម ពិសិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ(ត្រូវជាចៅបង្កើត) រស់នៅជាមួយជនរងគ្រោះនៅកន្លែងកើតហេតុ មុខរបរគ្មាន ។

     សម្ភារដកហូតមានចបកាប់ដងដែកចំនួន០១ដើម។

      លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា មុនពេលកើតហេតុកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២៖១៥នាទីរំលងអធ្រាត្រ ជនសង្ស័យបានទិញស្រាថ្នាំកន្លះលីត្រយកមកផឹក រហូតដល់ម៉ោង៤និង៤០នាទីជនរងគ្រោះបានដើរចេញពីក្នុងផ្ទះមកដល់ចំណុចមាត់ជណ្ដើរ ស្រាប់តែជនសង្ស័យបានយកចបកាប់មកវាយបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុរួចជនដៃដល់បានគេចខ្លួនបាត់។      

     ក្រោយពីទទួលពាក្យបណ្តឹងរួចមកសមត្ថកិច្ចជំនាញខណ្ឌនិងប៉ុស្តិ៍បានបន្តនីតិវិធីស្រាវជ្រាវជាបន្តបន្ទាប់រហូតឈានទៅឃាត់ខ្លួនជនបង្កបាននៅថ្ងៃទី២៣ ខែ ឆ្នាំដដែល វេលាម៉ោង១៧៖០០នាទីនៅចំណុចគល់ស្ពានលី យ៉ុងផាត់ខាងកើត ស្ថិតក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា។

     ក្រោយពីសមត្កិច្ចធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកចបកាប់ដងដែកវាយទៅលើជីដូនប្រាកដមែន។

    បច្ចុប្បន្នជនសង្ស័យខាងលើជំនាញខណ្ឌនិងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖