ខេត្តសៀមរាប៖ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង ថា នៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប មានប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើបានរាយការណ៍មកសមត្ថកិច្ចថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួល។ ពេលសមត្ថកិច្ចចុះទៅដល់ទីតាំងបន្ទប់ជួលខាងលើ គឺពិតជាមានធុំក្លិនស្អុយមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល(បន្ទប់ចាក់សោពីក្រៅ)ហើយប្រទះឃើញសាកសពគ្របភួយ និងជនសង្ស័យដេកនៅក្បែរសាកសព។
សពជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកសាឡន មានស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។
ចំណែកជនសង្ស័យឈ្មោះសេង គឹម ហួរ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប និងមានទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប(ត្រូវជាសង្សារជនរងគ្រោះ)។
បើតាមការឆ្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះប្រាកដមែន ដោយបានយកខ្សែរីដូវាំងននរឹតកជនរងគ្រោះបណ្ដាលឱ្យស្លាប់។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការរឹតក(កជនរងគ្រោះមានស្នាម)។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺមកពីជនសង្ស័យប្រចណ្ឌនឹងជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់យកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សូរិយា