ព័ត៌មានទាន់ហេតុការណ៍៖

ជនដៃដល់ និងបក្ខពួក ពាក់ព័ន្ធករណីផ្ទុះអាវុធបណ្ដាលឲ្យអធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុរងរបួស ត្រូវស្រាវជ្រាវបង្ក្រាបបាន

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២​ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បង្រ្កាបករណីផ្ទុះអាវុធ បណ្ដាលឲ្យរងរបួសអធិការង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២៣៖០០នាទី នៅចំណុចភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានជនសង្ស័យចំនួន៦នាក់។

របាយការណ៍​ដដែល​ បានបន្តថា​ ក្នុងប្រតិបត្តិការនោះ​ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ 

ប្រភពដដែលបន្តថា​ ជនសង្ស័យទី១-ឈ្មោះ HUYNH MINH NHAT ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម (ជនដៃដល់), ទី២-ឈ្មោះ BUI QUYNG THIEN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតុវៀតណាម (ប្រពន្ធជនដៃដល់), ទី៣-ឈ្មោះ DINH THANH XUYEN អាយុ២៥ឆ្នាំ ជនជាតិវៀតណាម (បក្ខពួក), ទី៤-ឈ្មោះ ប៊ុន រតនា ភេទប្រុស ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ), ទី៥-ឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ) និងទី៦-ឈ្មោះ ឈុន ទិត្យបូរ៉ា អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (អ្នកជួញដូរអាវុធ)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលក្រុងព្រះដីហនុ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖