ខេត្តបាត់ដំបង៖ ដោយសារតែការធ្វេសប្រហែសបណ្តាលឱ្យក្មេងប្រុសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅពេលតាមជីតាទៅបង់ត្រីក្នុងស្ទឹងក្បែរផ្ទះប្រហែល២០០ម៉ែត្រ។
ហេតុការណ៍ក្មេងលង់ទឹកស្លាប់ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី១១ ស្ថិតក្នុងភូមិដង្កោ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដែលសពក្មេងរងគ្រោះឈ្មោះ ផា សុវណ្ណារី ហៅចិន ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។
ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ ផល សុផុន ភេទប្រុស អាយុ៧១ឆ្នាំ មុខរបរធ្វើស្រែ ដែលត្រូវជាជីតាបង្កើតរបស់ក្មេងរងគ្រោះបានបំភ្លឺថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៩និង០០នាទី ខ្លួនបាននាំចៅរបស់ខ្លួនឈ្មោះ ផា សុវណ្ណារី ហៅចិន ទៅបង់ត្រីនៅចំណុចស្ទឹងក្រោយរោងម៉ាស៊ីនកិនស្រូវ ឡៅ ហួត។ លុះបង់បានប្រហែលកន្លះម៉ោងស្រាប់តែចៅបានបបួលខ្លួនឱ្យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែខ្លួនបានប្រាប់ចៅថា បង់ត្រីមិនទាន់បានទេ ចាំបន្តិចទៀតចាំទៅផ្ទះ។ មួយសន្ទុះក្រោយមកក៏បាត់ចៅមិនឃើញ ខ្លួនក៏បានឡើងទៅលើមាត់ច្រាំងក៏មិនឃើញចៅ ហើយខ្លួនក៏ត្រឡប់ទៅផ្ទះវិញរកចៅក៏នៅតែមិនឃើញទៀត ខ្លួនក៏ត្រឡប់ទៅកន្លែងបង់ត្រីវិញចុះមុជទឹករាវរកប្រហែល២ម៉ោងទើបរកឃើញចៅនៅចម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងបង់ត្រី ប៉ុន្តែចៅរបស់ខ្លួនបានស្លាប់បាត់បង់ជីវិតទៅហើយ ។
ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើគឺស្លាប់ដោយសារលង់ទឹកស្ទឹងពិតប្រាកដមែន។ ក្រោយពីគ្រូពេទ្យបានធ្វើការពិនិត្យចប់សព្វគ្រប់ សពត្រូវបានប្រគល់ទៅ
ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ចន្ទ លីហ្សា