ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​ការ​នេសាទ​ដោយ​ឧបករណ៍​ខុសច្បាប់​ និង​លែង​កូន​ត្រី​ចំរុះ​ទម្ងន់​៣០​គីឡូក្រាម​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​

ចែករំលែក៖

 ខេត្ត​​ពោធិ៍សាត់​៖​ កម្លាំង​ចម្រុះ​នៃ​ អនុ​គណៈកម្មការ​ និង​ក្រុមការងារ​បង្ក្រាប​បទល្មើស​ជលផល​ក្នុង​ដែន​ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​ ដឹកនាំ​ដោយ​លោក​ ឡាយ​ វិសិដ្ឋ​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ ប្រមាញ់​ និង​នេសាទ​ខេត្តពោធិ៍សាត់​ រួម​មាន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍សាត់​ នាយ​ផ្នែក​ នាយ​-​នាយ​រង​សង្កាត់​ បរិស្ថាន​ប្រចាំ​ ស្រុក​កណ្ដៀង​ កងរាជអាវុធហត្ថ​ស្រុក​កណ្ដៀង​ យោធា​ខេត្ដ​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ និង​នគរបាល​ប៉ុស្ដិ៍​រាំង​ទិល​ សហការ​ជាមួយ​ក្រុម​ ការងារ​ថ្នាក់​ជាតិ​បង្ក្រាប​បទល្មើស​ជលផល​ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ទោ​ ជា​ សំណាង​ នាយសេនាធិការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ លោក​វរសេនីយ៍ឯក​ សុខ​ ជា​ តំណាង​អគ្គស្នងការ​នគរបាល​ជាតិ​ កម្លាំង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប​ ដែល​មាន​កម្លាំង​សរុប​ចំនួន​ ៣៨​នាក់​ ប្រើប្រាស​ល​មធ្យោបាយ​កាណូត​ចំនួន​ ៨​គ្រឿង​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ១០​រោច​ ខែជេស្ឋ​ ឆ្នាំខាល​ ចត្វា​ស័ក​ ព​.​ស​ ២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​២៤​ ខែមិថុនា​ ឆ្នាំ​ ២០២២​នេះ​ បាន​ចុះ​រុះរើរ​បាំងសាច់​អួន​ក្រឡា​ល្អិត​ ចាប់ពី​ភូមិ​ព្រែក​ ឃុំ​ រាំង​ទិល​ ស្រុក​កណ្ដៀង​រហូត​ដល់​ កោះ​ក្រប​បាយ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ ។​

​បើ​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក​ សៀន​ វី​រៈ​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ បានឱ្យដឹង​ថា​ ក្នុង​កិច្ចសហការ​ប្រតិបត្តិការ​ ចុះ​បង្ក្រាប​នេះ​ដែរ​ កម្លាំង​សមត្ថកិច្ច​ បាន​រុះរើ​ បំផ្លាញ​ចោល​ទីតាំង​នេសាទ​ខុសច្បាប់​មួយ​កន្លែង​ រុះរើ​ របាំង​សាច់​អួន​ក្រឡា​ល្អិត​ចំនួន​២៦​ខ្សែ​ ប្រវែង​៤៤០០​ម៉ែត្រ​ លូ​កង​សាច់​អួន​ចំនួន​១៣​គ្រឿង​ លូ​កង​ស្បៃ​មុង​ចំនួន​ ០៣​ មាត់​ ក្បាល​បរ​ ចំនួន​ ០៥​គ្រឿង​ បង្គោល​ ចំនួន​ ៧៥០​ដើម​ និង​បាន​ចាក់​លែង​កូន​ត្រី​ចំរុះ​ទម្ងន់​ ៣០​គីឡូក្រាម​ ចូល​ក្នុង​ទន្លេ​វិញ​ ។​ 

លោក​វរសេនីយ៍ឯក​ សៀន​ វី​រៈ​ បន្ថែម​ថា៖​ ដោយ​អនុវត្ត​តាម​ទិស​ដៅ​ការងារ​របស់​ក្រុមការងារ​ ប្រតិបត្តិការ​នេះ​ នឹង​បន្ដ​សហការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប​ល​ឲ្យ​ដូច​ភ្លៀងរលឹម​នៅ​រដូវ​បិទ​នេសាទ​នេះ​ ៕

ដោយ​៖សហការី​


ចែករំលែក៖