ខេត្តកណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបចំពោះគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ បានបញ្ចេញមតិ (Comment) ក្នុងផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «សូមស្នងការជួយរកយុត្តិធម៌ឲ្យគាត់ផង ប្ដីគាត់ប្រើអំពើហិង្សាដាក់គាត់ជាច្រើនដងវ៉ៃទាំងកូននិងម្តាយទៀតផងឱ្យតែគាត់ស្រវឹង គាត់រស់នៅភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ការពេលវេលាយប់មិញប្រហែលជាម៉ោង៧ជាង គាត់បានវ៉ៃប្រពន្ធគាត់បែកច្រមុះ និងមាត់ឈាមពេញខ្លួនជនរងគ្រោះឈ្មោះ អុក សុខពុំ ជនបង្កឈ្មោះ សុំ ហ៊ុន ជាប្តី សូមជួយរកយុត្តិធម៌ឲ្យគាត់ផង»។ នេះបេីយោងតាមប្រភពព័ត៍មានពីស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកវរសេនីយឯក ម៉ែន សុខឃឿន អធិការ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ចុះស្រាវជ្រាវករណីខាងលើជាបន្ទាន់ ។
ជាលទ្ធផល ៖ នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី លោកអធិការបានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឫស្សី សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ បានចុះស្រាវជ្រាវករណីខាងលើនេះ និងបានកោះហៅជនសង្ស័យ ឈ្មោះ សុំ ហ៊ុន មកសាកសួរ ។ បន្ទាប់មកជនសង្ស័យឈ្មោះ សុំ ហ៊ុន បានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៥.០៦.២០២២ វេលាម៉ោង ២០:០០នាទី ខ្លួនបានផឹកស្រាស្រវឹង ចូលមកផ្ទះសួរនាំប្រពន្ធខ្លួនឈ្មោះ អ៊ុក សុខពុំ ថា ជំពាក់លុយគេច្រើនលាក់ខ្លួន ហើយក៏បានឈ្លោះប្រកែកពាក្យសំដីជាមួយប្រពន្ធខ្លួន ពេលនោះជនសង្ស័យឈ្មោះ សុំ ហ៊ុន ខឹងក៏បានទះឈ្មោះ អ៊ុក សុខពុំ មួយដៃត្រូវមុខបន្តិច តែមិនមានរបួសទេ ប៉ុន្តែដោយមានមនោចេតនាប្ដីប្រពន្ធឈ្មោះ អ៊ុក សុខពុំ មិនបានដាក់ពាក្យប្ដឹងផ្ដល់ ឬទាមទារអ្វីពីឈ្មោះ សុំ ហ៊ុន នោះទេ។
ចំពោះករណីនេះឈ្មោះ អ៊ុក សុខពុំ បានសំណូមពរមកសមត្ថកិច្ចជួយអប់រំ ណែនាំប្ដីខ្លួនឈ្មោះ សុំ ហ៊ុន កុំឲ្យប្រើអំពើហិង្សាមកលើខ្លួនទៀតតែប៉ុណ្ណោះ ។
ជាចំណាត់ការ៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ពុកឫស្សី និងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឈ្មោះ សុំ ហ៊ុន ឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សាបន្តទៀត រួចឲ្យត្រឡប់ទៅមូលដ្ឋានវិញ ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី