ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកចុះពីលើស្ពានប៉ះជាមួយម៉ូតូគាបជាប់ក្រោមកង់រថយន្តបណ្តាលឱ្យមនុស្សពីរនាក់រងរបួស

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយដោយស្រ្តីម្នាក់ទៀតបានបើករថយន្តចុះពីលើស្ពានព្រះមុនីវង្ស បានជ្រុលទៅបុកម៉ូតូដែលបត់ចេញពីផ្លូវកោងក្រោមស្ពានក្បាលថ្នល់ចំពាក់កណ្តាលពេញទំហឹង ដួលចូលក្រោមកង់រថយន្តអូសទៅមុខជាច្រើនម៉ែត្របណ្តាលឱ្យមនុស្ស២នាក់រងរបួស។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង៩និង២០នាទីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ត្រង់ចំណុចជាប់ស្ពានអាកាសក្បាលថ្នល់ចុងខាងជើង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    បើតាមសម្តីបុរសម្នាក់បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាស្គូពីពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1IZ-8527 ជិះឌុបប្រពន្ធរួមនឹងកូនបើកតាមបណ្តោយមហាវិថីព្រះនរោត្តមក្នុងទិសដៅពីជើងមកត្បូង រួចបានបត់ឆ្វេងចូលតាមផ្លូវក្រោមស្ពាន ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តម៉ាកHILUX VIGO មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA-9819 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនឹងស្រ្តីម្នាក់ទៀត បើកចុះពីលើស្ពានព្រះមុនីវង្សក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្តាលពេញទំហឹងបណ្តាលឱ្យដួលចូលក្រោមរថយន្តអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យម្ចាស់ម៉ូតូនិងអ្នកអង្គុយពីក្រោយរងរបួសស្រាល ចំណែកឯអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់បានឲ្យនៅកន្លែងកើតហេតុ។

   បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖