ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនបរទេសម្នាក់បើករថយន្តស៊េរីទំនើបដល់ផ្លូវបំបែកជា៤បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឱ្យរថយន្តរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៣រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវR៦ ក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកKIA morning ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2BM-1632 តាមបណ្តោយផ្លូវR5 ពីកើតមកលិចក្នុងល្បឿនលឿនមធ្យម    ខណៈមកដល់ចំណុចកើតហេតុផ្លូវបែកជាបួនស្រាប់តែមានរថយន្តម៉ាក Fortunerមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BN-9597 បើកបរដោយបុរសជនជាតិចិនធ្វើដំណើរតាមបណ្តោយផ្លូវR៦ ពីជើងមកត្បូងក្នុងល្បឿនលឿនបានរេចង្កូតជ្រុលទៅបុករថយន្តម៉ាកKIA morningចំពាក់កណ្តាលទ្វារខាងស្តាំយ៉ាងពេញទំហឹង បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កហេតុវិញរងការខូចខាតផ្នែកខាងមុខ តែសំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចឱ្យភាគីទាំងពីរ សម្រួលគ្នាតែមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖