អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវដល់បណ្តាប្រទេសបង្កើនកិច្ចសហប្រតិបត្តិការ និងចេញវិធានការសមស្របបំផុតដើម្បីទប់ស្កាត់គ្រោះអត់ឃ្លានជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅក្នុងសតវត្សទី២១នេះ ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំស្តីពីសាមគ្គីភាពដើម្បីសន្តិសុខស្បៀងអាហារពិភពលោកនាថ្ងៃទី ២៤ខែមិថុនា ក្នុងទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងវិបត្តិកង្វះស្បៀងអាហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅលើពិភពលោក។ គ្រោះអត់ឃ្លាននឹងកើតឡើងនៅគ្រប់ទិសទីក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខ ។ លោក Antonio Guterres បានអំពាវនាវដល់ភាគីពាក់ព័ន្ធត្រូវបង្កើនកិច្ចសហប្រតិបត្តិការចេញផែនការជួយទប់ស្កាត់គ្រោះអត់ឃ្លានដែលមានទ្រង់ទ្រាយធំបំផុតនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់ថា ពិភពលោកកំពុងប្រឈមនឹងវិបត្តិកង្វះស្បៀងអាហារទ្រង់ទ្រាយធំ ដែលមូលហេតុបណ្តាលមកពីគ្រោះធម្មជាតិ ជំងឺរាតត្បាត…ពិសេសគឺសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ថែមទៀត ។ លោក Antonio Guterresបានអំពាវនាវដល់បណ្តារដ្ឋាភិបាលត្រូវតែធ្វើសកម្មភាពជាបន្ទាន់ដើម្បីទប់ស្កាត់សោកនាដកម្មដែលនឹងកើតឡើងនៅលើពិភពលោក។
តាមរបាយការណ៍ថ្មីបំផុតរបស់អង្គការសុខភាពពិភពលោក ក្នុងរយៈពេល២ឆ្នាំកន្លងមកមានពលរដ្ឋដល់ទៅជាង២៧៦លាននាក់ប្រឈមអសន្តិសុខស្បៀងអាហារ ស្ថិតនៅក្នុង៣៤ប្រទេសជុំវិញពិភពលោក៕ ដោយ៖ ធីរីណា
រូបថត ៖ Getty