យ៉ាងហោចណាស់ក៏មានមនុស្ស ២នាក់ស្លាប់ និង១៤នាក់រងរបួសដែរក្នុងការបាញ់ប្រហារមួយនៅក្នុងក្លិបរាត្រីសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងរដ្ឋធានី Oslo ប្រទេសន័រវែស។
នៅព្រឹកថ្ងៃទី២៥ខែមិថុនា (ពេលវេលាក្នុងតំបន់) មានករណីបាញ់ប្រហារនៅក្នុងក្លិបរាត្រី London Pub សម្រប់អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងរដ្ឋធានី អូស្លូ នៃប្រទេសន័រវែស។ ការបាញ់ប្រហារនោះបណ្តាលឱ្យមនុស្ស២នាក់ស្លាប់ និង១៤នាក់រងរបួស ក្នុងនោះមាន៣នាក់របួសធ្ងន់។
តាមបណ្តាញព័ត៌មាន NRK របស់ប្រទេសន័រវែស បានដកស្រង់ការប្រកាសរបស់មន្ត្រីប៉ូលិសដែលបានបញ្ជាក់ថា «មានបុរសម្នាក់ចូលក្នុងក្លិបដោយមានកាបូបមួយ ហើយក៏បានដកកាំភ្លើងខ្លីចេញពីកាបូបបាញ់ប្រហារជាបន្តបន្ទាប់»។
កម្លាំងប៉ូលិសនិងក្រុមជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុភ្លាមៗដោយមានទាំងឧទ្ធម្ភាគចក្រផងដែរ។ មន្ទីរពេទ្យមហាវិទ្យាល័យ អូស្លូក៏បានប្រកាសអាសន្នកម្រិតក្រហមក្រោយការបាញ់ប្រហារខាងលើ។
ជនដៃដល់ត្រូវបានកម្លាំងប៉ូលិស ចាប់ខ្លួនបានក្រោយការបាញ់ប្រហារ ។ សកម្មភាពរបស់ជនដៃដល់មិនទាន់បានបញ្ជាក់នៅឡើយទេ។ ការបាញ់ប្រហារកើតឡើងក្នុងពេលដែលទីក្រុងអូស្លូត្រៀមរៀបចំពិធីដង្ហែក្បួន Pride ប្រចាំឆ្នាំដែលធ្វើឡើងនៅថ្ងៃទី២៥ខែមិថុនា ៕ ដោយ៖ ធីរីណា
រូបថត ៖ CNN