ខេត្តកណ្ដាល៖ បើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងប្រជាពលរដ្ឋ ដែលសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ចូលក្នុងប្រអប់សារ (Inbox) ផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា «នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ស្ពានលេខ២២ ទល់មុខផ្ទះវីងវេរលុយ មានការជួបជុំគ្នាលេងល្បែងស៊ីសងរាល់ថ្ងៃ(ស៊ីគូថៃ មួយទឹក 500៛ 1000៛ និង2000៛ ក៏មាន) លេងខាងក្រោយផ្ទះជាប់ផ្ទះជួសជុលម៉ូតូ សូមបងជួយពិនិត្យនិងអប់រំពួកគាត់ផង សូមអរគុណ»។
ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកស្អាង ស្រាវជ្រាវបង្ក្រាបទីតាំងខាងលើ។
ជាលទ្ធផល ៖ នៅថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាលចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៤០នាទី លោកអធិការបានបញ្ជាឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល ចុះដល់ទីតាំងផ្ទះឈ្មោះ ចេង លាងស្រេង ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ពិតជាមានការជួបជុំលេងល្បែងស៊ីសងខុសច្បាប់(បៀរស៊ីគូថៃ)ប្រាកដមែន ហើយអ្នកលេងល្បែងទាំងនោះបានរត់គេចខ្លួនអស់មុនសមត្ថកិច្ចចុះទៅដល់ ។
ចំពោះម្ចាស់ផ្ទះខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការផ្តល់ទីតាំង និងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅ ។
អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងចៀសឲ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ៕
ដោយ៖សហការី