ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា៖ នៅចុងសប្តាហ៍ ថ្ងៃសៅរិ៍ ទី២៥ខែមិថុនា ឆ្នាំ២០២២នេះ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងសៀមរាប បានរៀបចំធ្វើពិធីផ្ទេរប្រគល់ ទទួលអដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជំហាន២ ដំណាក់កាលទី២១ ឆ្នាំ២០២២ចំនួន ២៣អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសវៀតណាមវិញ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលនៃគណៈអភិបាលរងខេត្ត សៀមរាប ដោយមានការចូលរួមពីលោកមេបញ្ជាការ បញ្ជាការរង តំបន់ប្រតិបត្តិការសឹករងសៀមរាប និង អស់លោកជាសមាជិកគណៈកម្មការរុករកអដ្ឋិធាតុ និង ក្រុមការងារ K71 ចំណុះយោធភូមិភាគទី៧ ព្រមទាំងមានការនិមន្តព្រះសង្ឃធ្វើពិធីបង្សុកូលជូនដល់ដូងវិញ្ញាណក្ខន្ត័យុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ផងដែរ ។
យោងតាមរបាយការណ៍របស់តំបន់ប្រតិបត្តិការសិករងសៀមរាប បានឲ្យដឹងថា កន្លងមកក្រុមការងារគណៈកម្មការរុករកជីកគាស់ធ្វើមាតុភូមិនិវត្តន៍វៀតណាម ខេត្តតៃនិញជាមួយខេត្តសៀមរាប បានស្វែងរុករកជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីឆ្នាំ២០០៣ មកដល់ខែមិថុនា ឆ្នាំ២០២២នេះ បានចំនួន ៩៤០អដ្ឋិធាតុហើយ នៅជំហាន២ ដំណាក់កាលទី២១នេះ គឺចាប់អនុវត្តន៍ពីថ្ងៃទី២១ ខែកុម្ភៈ មកដល់ថ្ងៃទី១៣មិថុនា ឆ្នាំ២០២២នេះ ជាលទ្ធផលក្រុមការងារ បានរកឃើញអដិ្ឋធាតុ ចំនួន ២៣ អដ្ឋិធាតុ នៅស្រុកចំនួន ៥ ក្នុងខេត្ត សៀមរាប មានស្រុកក្រឡាញ់ , ពួក , អង្គរជុំ , សូទ្រនិគម និងស្រុកអង្គរធំ ។
លោកវរៈសេនីយ៍ឯកបម្រុង ង្វៀង ដឹកថឹង ប្រធានក្រុមការងារអង្គភាពK71 ចំណុះយោធភូមិភាគទី៧ ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមានប្រសាសន៍ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានសហការល្អជាមួយក្រុមការងារអង្គភាព K71 របស់វៀតណាម ក្នុងការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាមដោយ ទទួលបានលទ្ធផលល្អ។ លោកក៏បានលើកផងដែរ ពីផលវិបាក ក្នុងការរុករកអដ្ឋិធាតុ និង ស្រាវជ្រាវរកដោយភូមិសាស្ត្រដែលបានកប់សាកសព មានការប្រែប្រួល និង សាកី្សមួយចំនួនចាស់ជរា និង បានស្លាប់ ដែលធ្វើឲ្យការទទួលព័ត៌មានមិនបាន ជាក់ច្បាស់ ។
លោក ពិន ប្រាកដ បានលើកឡើងថា ក្នុងការស្វែងរុករក និង ធ្វើមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពវៀតណាម ដែលបានពលីអាយុជីវិត ក្នុងសម័យសង្គ្រាមនៅខេត្តសៀមរាប ដំណាក់កាលទី២១ នេះ គឺអនុវត្តន៍តាម កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម និងរវាងខេត្តសៀមរាប ជាមួយខេត្តតៃនិញ ដោយមានផែនការរុករកអដ្ឋិធាតុកងទ័ពស្ម័ត្រចិត្តវៀតណាម នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះការចូលរួមស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពវៀតណាមនេះ គឺជាការងារមនុស្សធម៌ដ៏ល្អផង និងជាការបង្ហាញពីទឹកចិត្តរបស់ប្រជាជនកម្ពុជាផង ពីព្រោះការពលីអាយុជីវិតរបស់កងទ័ពវៀតណាម លើទឹកដីកម្ពុជា គឺជាការរួមចំណែកក្នុងរំដោះប្រទេសជាតិយើង ឲ្យមានសន្តិភាពរហូតមកដល់ពេលបច្ចុប្បន្ន ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវបន្តខិតខំសហប្រតិបត្តិការ និង បង្កលក្ខណៈងាយស្រួល ដល់កិច្ចដំណើរការស្វែងរុករកអដ្ឋិធាតុកងទ័ពវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តសៀមរាប ដែលនៅសេសសល់បន្តទៀត ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសខ្លួនវិញ ដើមី្បបានជួបជុំក្រុមគ្រួសាររបស់ខ្លួន៕
ដោយ៖សហការី