នៅថ្ងៃទី២៤ខែមិថុនា អ្នកនាំពាក្យសេតវិមានបានប្រកាសថា អាមេរិក អូស្ត្រាលី ជព៉ុន នូវែលហ្សេឡង់ អង់គ្លេស នឹងបង្កើតក្រុមសម្ព័ន្ធប៉ាស៊ីហ្វិក ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច កិច្ចការបរទេសជាមួយបណ្តាប្រទេសកោះនៅតំបន់ប៉ាស៊ីហ្វិក។
គោលដៅខាងលើត្រូវបានចាត់ទុកថាជាសកម្មភាពដើម្បីទប់ទល់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ខណៈដែលចិនបានបង្កើនទំនាក់ទំនងជាមួយប្រទេសកោះ។
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានប្តេជ្ញាថានឹងផ្តល់ធនធានបន្ថែមទៀតដល់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក ខណៈដែលចិនកំពុងស្វែងរកកិច្ចព្រមព្រៀងទូទាំងតំបន់ ដែលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច យោធា និងប៉ូលិសជាមួយបណ្តាប្រទេសប្រជុំកោះប៉ាស៉ីហ្វិកដែលទទូចចង់បានការវិនិយោគពីបរទេស។
បើតាមសេតវិមាន សម្ព័ន្ធភាពក្រៅផ្លូវការខាងលើត្រូវបានគេដាក់ឈ្មោះថា Partners in the Blue Pacific ឬហៅកាត់ថា PBP ហើយនឹងស្វែងរកការគាំទ្រតំបន់ប៉ាស៉ីហ្វិក ក៏ដូចជាពង្រឹងទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងបណ្ដាប្រទេសប្រជុំកោះប៉ាស៉ីហ្វិក និងពិភពលោកផ្សេងទៀត។
សេតវិមាន បានគូសបញ្ជាក់ថា «យើងរួបរួមគ្នាប្តេជ្ញាចិត្តក្នុងការគាំទ្រតំបន់ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃមហាសមុទ្រប៉ាស៉ីហ្វិក។ យើងក៏រួបរួមគ្នាផងដែរក្នុងរបៀបដែលយើងសម្រេចបាននូវចក្ខុវិស័យនេះ ផ្អែកលើគោលការណ៍នៃអធិបតេយ្យ តម្លាភាព គណនេយ្យភាព និងភាគច្រើនទាំងអស់ដែលដឹកនាំដោយតំបន់ប៉ាស៉ីហ្វិក។
អ្នកសម្របសម្រួលសេតវិមានទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៉ីហ្វិក លោក ខឺត ខេមប៊ែល (Kurt Campbell) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា លោករំពឹងថា មន្ត្រីជាន់ខ្ពស់អាមេរិកបន្ថែមទៀតនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ស្របពេលក្រុងវ៉ាស៊ីនតោនបង្កើនការចូលរួមរបស់ខ្លួន ដើម្បីទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងកើនឡើងនៅក្នុងតំបន់៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters