ខេត្តកំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយរបស់កាកបាទក្រហមកម្ពុជាប្រគល់ជូនកម្មករ កម្មការិនី ចំនួន២៧នាក់ ក្នុងចំណោមកម្មករ៥០នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅវេលាម៉ោង៦ និង១៥នាទី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ នៅចំណុចភូមិពពូល ឃុំជំពូរព្រឹក្ស ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នាឱកាសនោះដែរ លោកអភិបាលខេត្ត បានសម្តែងការសោកស្តាយ និងអាណិតជាពន់ពេកចំពោះបងប្អូនកម្មករ-កម្មាការិនី បានជួបគ្រោះថ្នាក់ជាយថាហេតុបណ្តាលឲ្យមានការរងរបួសធ្ងន់ស្រាលបែបនេះ។
សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងរថយន្តដឹកកម្មករ១គ្រឿង ម៉ាកកូរ៉េ ចំណុះ ២តោនកន្លះ ដឹកកម្មករចំនួន៥០នាក់ មកពីឃុំអមលាំង ស្រុកថ្ពង បានក្រឡាប់ដោយសារផ្លូវកោង ដោយសារតែអ្នកបើកក្នុងល្បឿន លឿនពេក។ ក្នុងគ្រោះថ្នាក់ខាងលើនេះបណ្តាលឱ្យកម្មកររងរបួសចំនួន២៧នាក់ (ស្រី២៦នាក់) ក្នុងនោះរបួសធ្ងន់១១នាក់ ស្រី១០នាក់។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានអំពាវនាវយ៉ាងទទូចដល់អ្នកបើកបរសូមមេត្តាកុំវ៉ាជែង ក្នុងស្ថានភាពមិនល្អ កុំបើកបរលើសល្បឿនកំណត់ ពីព្រោះបងប្អូនកូនក្មួយ ដែលជាម្ចាស់រថយន្ត ឬក៏អ្នកបើកបររថយន្តទាំងអស់ ត្រូវបានកម្មករ កម្មការិនី រាប់សិបនាក់បានស្ម័គ្រផ្ញើអាយុជីវិតនៅលើយើងអ្នកបើកបរតែម្នាក់គត់។
ក្នុងករណីនេះ លោកអភិបាលខេត្ត បានស្នើសុំបងប្អូនកូនក្មួយដែលជាម្ចាស់រថយន្ត និងជាអ្នកបើកបរសូមមេត្តាគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងបើកបរមានការប្រុងប្រយ័ត្នខ្ពស់បំផុតចាប់ពីពេលនេះទៅ៕
ដោយ៖សហការី