ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ច​ចម្រុះ បន្តចុះបង្ក្រាបទល្មើសនេសាទ​ បានដកហូត​និងរុះរើ​ កម្ទេចចោលរបាំងសាច់អួន​ជាច្រើន​ នៅខេត្ត​កំពង់ឆ្នាំង​ក្នុងរយៈពេល ២ថ្ងៃនេះ!

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖​ កម្លាំង​សមត្ថកិច្ចចម្រុះ ដឹកនាំដោយអភិបាលរង ខេត្តកំពង់ឆ្នាំង លោក សាន់ យូ បន្តចុះបង្ក្រាបបទល្មើសនេសាទ នៅរដូវបិទនេសាទត្រីពងកូន នៅក្នុងរដូវទឹកទន្លេ កំពុងឡើង ជាបន្តបន្ទាប់ ក្នុងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី២៤ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២២ ។

សូមជម្រាបថា​ នៅក្នុងកិច្ចប្រតិបត្តិការ ថ្ងៃទី២៥ មិថុនា ២០២២នេះ បានធ្វើឡើង នៅពីរចំណុច គឺនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ និងចំណុចវាលភក ឃុំផ្លូវទូក ក្នុងភូមិសាស្រ្ត ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

បើយោងតាមរបាយការណ៍ របស់ខ័ណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ដែលយើងទទួលបានជាលទ្ធផល នៃក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទ​ថ្ងៃនេះ​ បានរុះរើ និងកំទេចចោលរបាំងសាច់អួន ២ករណី ស្មើនឹង ១៣​ កន្លែង ដែលមានប្រវែង ៦៨០ ម៉ែត្រ បង្គោលចំនួន ៦០០ ដើម លបលូសាច់អួន ២១ មាត់ និងបានលែងកូនត្រីល្អិតៗ ចូលទន្លេវិញ ។

ជាមួយគ្នានោះ​ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ ម្តងហើយ ម្តងទៀត ដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានមុខរបរនេសាទត្រី សូមបញ្ឈប់បន្ទាន់ នូវសកម្មភាពនេសាទត្រី ដោយឧបករណ៍គ្រប់ប្រភេទ ដែលច្បាប់ហាមឃាត់ នៅក្នុងរដូវបិទនេសាទត្រីពងកូន និងជារដូវទឹកទន្លេ កំពុងឡើង ដើម្បីថែរក្សាការពានិរន្តរភាពពូជត្រី និងព្រៃលិចទឹក ដើម្បីថនិកសត្វផ្សេងៗ រស់នៅពងកូន បន្តពូជ សម្រាប់កូនចៅជំនាន់ក្រោយៗ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ នៅក្នុងខេត្តកំពង់ឆ្នាំងនេះដែរ ត្រូវគេមើលឃើញថា បានធ្វើជាលើកដំបូង នៅក្នុងរដូវបិទនេសាទត្រីពងកូន ហើយក៏ជា រដូវទឹកទន្លេ កំពុងឡើង នៅគ្រាដែលភ្លៀង នៅតែបន្តធ្លាក់ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖