ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋភូមិជ័រម្កាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ពេញមួយព្រឹក ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នេះ ឃើញស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធជាច្រើន ចុះពិនិត្យ និងធ្វើការស្រាវជ្រាវលើករណីប្រទះឃើញសព ហើមស្អុយអណ្ដែតលើផ្ទៃទឹកក្នុងរណ្ដៅដីក្បែរជើងភ្នំមួយ ខណៈសង្ស័យជាករណីឃាតកម្ម ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិ.ឃុំខាងលើបន្តថា សាកសពត្រូវបានគេប្រទះឃើញ នៅក្នុងទឹករណ្ដៅដីក្បែរជើងភ្នំមួយ(វត្តភ្នំហែរផ្កា)ស្ថិតនៅភូមិជ័រម្កាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ សពត្រូវបានគេស្គាល់ឈ្មោះ ទុយ រ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា សពជនរងគ្រោះ(ទុយ រ៉ា)ស្លៀកខោខូវប៊ូយជើងវែង ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅ សម្បុរខ្មៅស្រអែម នៅលើខ្លួនប្រាណសពមានស្នាមរបួស លើថ្ងាស លើចិញ្ចើមខាងស្ដាំ ក្រោមភ្នែកខាងស្ដាំ លើត្រចៀកខាងស្ដាំ កខាងឆ្វេង៣កន្លែង ខ្នងក្រោមស្លាបប្រចៀវខាងស្ដាំ ដៃទាំង២ជាប់ចំណងចងដោយក្រម៉ាក្រឡាការ៉ូ ពណ៌ខៀវ.ស សពមានសភាពហើមស្អុយ អាចស្លាប់ច្រើនម៉ោង នៅលើដីក្បែរនោះគេឃើញមានស្នាមតំណក់ឈាម និងស្បែកជើង.កវែង ពណ៌ខ្មៅ១គូរផងដែរ សាកសពសមត្ថកិច្ចប្រគល់ជូនបងប្រុសបង្កើតនៃសព ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ទោះជាប្រភពពីប្រជាពលរដ្ឋលើកឡើងបែបនេះក្ដីៈ សមត្ថកិច្ចជំនាញពុំទាន់បានផ្ដល់ព័ត៌មានជាក់លាក់នៅឡើយទេ ខណៈកំពុងញាប់ដៃញាប់ជើងក្នុងការពិនិត្យ និងធ្វើកាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ៕
ដោយ៖ ប៉ឹម ពិន