ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជេីញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្យ។
តាមរយៈសារលិខិត របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានមានលើកឡើងថា, ទោះបីយើងខិតខំប្រឹងប្រែងទទួលបានលទ្ធផលក្តី ប៉ុន្តែដោយនិន្នាការរួម ជាសកល កម្ពុជាយើង ក៏ដូចជាបណ្ដាប្រទេសដទៃទៀត នៅតែប្រឈមគួរឱ្យព្រួយបារម្ភពីការប៉ុនប៉ង · ផលិត កែច្នៃ រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំងក្នុងពេលបច្ចុប្បន្ននិងទៅអនាគត។ យោងលើស្ថានភាពនេះ និងក្នុងគោលដៅរក្សាបាននូវនិរន្តរភាពនៃប្រសិទ្ធភាពការងារជាបន្តទៀតនោះ ពិសេសក្នុងបរិបទពិភពលោកទាំងមូលបាននិងកំពុងប្រឈមទៅនឹងវិបត្តិនានា ពិសេសផ្នែកសុខភាព និងមនុស្សធម៌នោះ សម្តេចតេជោបន្តថា, ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមធ្វើការណែនាំនិងសំណូមពរ បន្ថែមទៅលើ បទបញ្ជា គោលការណ៍ណែនាំ ដែលបានដាក់ចេញកន្លងមកមួយចំនួនទៀត ដូចតទៅ៖
១- សូមអំពាវនាវដល់បងប្អូនកូនក្មួយ ព្រមទាំងចៅៗជាជនរួមជាតិទាំងអស់ ពិសេសមាតាបិតា និងអាណាព្យាបាល សូមបន្តចូលរួម និងគាំទ្រឱ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នា បង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហាដែលអាចកើតមាននៅក្នុងសហគមន៍។
ជាមួយនេះ ខ្ញុំក៏សូមឱ្យមាតាបិតានិងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំ កូនចៅឱ្យបានល្អ ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ប្រកបដោយសុខភាពនិងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត ដើម្បីអនាគតកូន ចៅយើង។
២- គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្តសកម្មភាព ផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឱ្យបានផុលផុស និងគ្រប់គោលដៅប្រឈម។ ជាពិសេស បណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនង សង្គម និងហ្វេសប៊ុកផេករបស់ថ្នាក់ដឹកនាំ ដោយត្រូវបន្តអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារ ទិសស្លោក ប៊ីកុំ មួយរាយការណ៍ គឺ៖កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវ រាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន។
៣- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត ពិសេសក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា ត្រូវបន្តពង្រឹងគុណភាពប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវា ព្យាបាល ស្ដារនីតិ សម្បទាទាំងនៅក្នុងមជ្ឈមណ្ឌលជាតិ មជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋនិងឯកជន និងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួល គាំទ្រ លើកទឹកចិត្ត និងជំរុញឱ្យអ្នកប្រើគ្រឿងញៀនឱ្យទៅទទួលយកសេវាព្យាបាល ស្តារនីតិសម្បទា ក្នុងមូលដ្ឋានរបស់ខ្លួន។
៤- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ញៀនខុសច្បាប់លើកទី៧ គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខេត្ត និង អង្គភាព ពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការ សម្របសម្រួល ដឹកនាំអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រង ត្រួត ពិនិត្យសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានហ្មត់ចត់និងមាន ប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃ ផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។
៥- គ្រប់ក្រសួង ស្ថាប័ន អង្គភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនពាក់ព័ន្ធទាំងអស់ ត្រូវបន្ត លើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខ័ណ្ឌ ទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមី ផ្សំខុសច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នាបង្ក្រាបឱ្យបានទាន់ពេលវេលា និង ចំគោលដៅ ៕
ដោយ ៖ សិលា