ភ្លៀងធ្លាក់ខ្លាំងក្លាយជាទឹកជំនន់លិចលង់តំបន់ភាគឦសាននៃប្រទេសបង់ក្លាដែសបណ្តាលឱ្យខូចខាតស្ថានីយផ្គត់ផ្គង់ទឹកស្អាត និងសាលារៀនជាង៥ពាន់កន្លែងត្រូវបិទទ្វារ …ដោយសារតែទឹកលិច។
តាមការប្រកាសរបស់អង្គការ UNICEF កាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២២ថា មានកុមារ៣,៥លាននាក់នៅក្នុងប្រទេសបង់ក្លាដែស មិនបានទៅសាលាដោយសារតែទឹកជំនន់ ។ តំណាងអង្គការយូនី
សេហ្វ (UNICEF) ប្រចាំប្រទេសបង់ក្លាដែស លោក Sheldon Yett បាននិយាយនៅថ្ងៃ២៥ខែមិថុនាថា កុមារចំនួន១៥នាក់បានលង់ទឹកស្លាប់នៅពេលដែលទឹកជំនន់ហូរ
កាត់ភ្លាមៗ ហើយកុមារចំនួន ៣.៥លាននាក់ផ្សេងទៀតកំពុងត្រូវការទឹកស្អាតប្រើប្រាស់ជាបន្ទាន់ ខណៈដែលហានិភ័យនៃជំងឺអាសន្នរោគកំពុងកើនឡើង។
ថ្លែងក្នុងសន្និសីទទីក្រុងហ្សឺណែវ លោក សែលដុន យេត បានគូសបញ្ជាក់ថា «នោះជាចំនួនកុមារដ៏គួរឲ្យភ្ញាក់ផ្អើល ហើយវាបានកើនឡើងរយៈពេលពីរទៅបីថ្ងៃចុងក្រោយនេះ។ ផ្ទៃដីដ៏ធំកំពុងស្ថិតក្រោមទឹកជំនន់ទាំងស្រុង ហើយត្រូវបានកាត់ផ្តាច់ចេញពីការផ្គត់ផ្គង់ទឹកស្អាត និងសុវត្ថិភាពម្ហូបអាហារ។ ពេលនេះកុមារត្រូវការជំនួយ»។ លោក បានបន្ថែមថា ទឹកជំនន់ក៏បានរំខានដល់មូលដ្ឋានសុខាភិបាល នាំឱ្យមានការបិទសាលារៀន និងរំខានដល់ការព្យាបាលបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមាររាប់រយនាក់ផងដែរ។
រដ្ឋាភិបាលបង់ក្លាដែស និងទីភ្នាក់ងារផ្តល់ជំនួយបានប្រញាប់ប្រញាល់ធ្វើការផ្តល់ជំនួយ រួមទាំងទឹកស្អាត និងការផ្គត់ផ្គង់របស់របរផ្សេងទៀត បន្ទាប់ពីទឹកជំនន់បានកើតឡើងភ្លាមៗ នៅទូទាំងមួយភាគបួន នៃប្រទេសអាស៊ីខាងត្បូងមួយនេះ៕
ដោយ៖ ធីរីណា(រូបថត ៖ TTXVN)