ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់រងរបួសក្បាលធ្ងន់បង្កឡើងក្រុមក្មេងទំនើងដេញកាប់គ្នាផ្អើលទាំងយប់ សង្ស័យខឹងឌឺដងដាក់ស្រីស្នេហ៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់បានរងរបួសក្បាលធ្ងន់ធ្ងរបង្កឡើងដោយជនសង្ស័យមួយក្រុមជិះម៉ូតូដេញកាប់ធ្វើឱ្យភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់សង្ស័យពួកគេមានកំហឹងរឿងដងដាក់ស្រីស្នេហ៍។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២នៅចំណុចខាងមុខវិទ្យាល័យស្វាយរៀងខាងជើងស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងបានឱ្យដឹងថា យុវជនរងគ្រោះមានឈ្មោះអន វាសនា អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិដូនលែប ឃុំជប់ព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

    ចំណែកឯក្រុមជនសង្ស័យមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេខណ:ដែលសមត្តកិច្ចកំពុងធ្វើកាស្រាវជ្រាវស្វែងរកដើម្បីយកមកចាត់ការតាមច្បាប់។

    បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងបានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះនៅចំណុចខាងមុខវិទ្យាល័យស្វាយរៀងខាងជើងបណ្តាលឱ្យរងរបួសត្រង់ក្បាលធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមកធ្វើអន្តរាគមន៍ ប៉ុន្តែក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោលបន្សល់តែជនរងគ្រោះនៅនឹងកន្លែងកើតហេតុ។

    ក្រោយមកជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខណៈដែលសមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារតែការឌឺដងរឿងស្រីដាក់គ្នាទើបបង្កការជាហិង្សាខាងលើកើតឡើង។

   បច្ចប្បន្នសមត្តកិច្ចកំពុងធ្វើកាស្រាវជ្រាវរកជនសង្ស័យទាំង៦នាក់ដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖