ក្លិបបិសាចក្រហម Manchester United រំពឹងថា ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នឹងក្លាយជាផ្នែកមួយនៃក្រុមរបស់ពួកគេនៅរដូវកាលក្រោយ បើទោះបីជាមានរបាយការណ៍ទាក់ទងគាត់ជាមួយក្លិបតោខៀវ Chelsea ក៏ដោយ។
ភ្នាក់ងាររបស់ខ្សែប្រយុទ្ធព័រទុយហ្គាល់លោក Jorge Mendes បានជួបជាមួយប្រធានក្លិបតោខៀវលោក Todd Boehly កាលពីសប្តាហ៍មុន ហើយ Ronaldo ត្រូវបានគេនិយាយថា ជាផ្នែកនៃកិច្ចពិភាក្សា។
ប្រភពរបស់ Man United មានអារម្មណ៍ថា មិនមានអ្វីអាក្រក់នៅក្នុងកិច្ចប្រជុំនោះទេ ខណៈដែល Mendes ផ្តល់យោបល់ដល់កីឡាករកំពូលៗមួយចំនួនធំ។ ពួគេប្រកាន់ជំហរថា កីឡាករវ័យ៣៧ឆ្នាំរូបនេះមិនសម្រាប់លក់ទេ។
ខ្សែប្រយុទ្ធដែលឈ្នះ Ballon d’Or ៥សម័យរូបនេះ នៅសល់រយៈពេល១ឆ្នាំទៀតលើកិច្ចសន្យានៅ Old Trafford របស់គាត់ ហើយត្រូវបានគេរំពឹងថា នឹងក្លាយជាតួអង្គសំខាន់ក្នុងក្រុមរបស់អ្នកចាត់ការថ្មីលោក Erik ten Hag សម្រាប់រដូវកាលខាងមុខនេះ។
Ronaldo ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតិចតួចដែលគេចផុតពីការរិះគន់យ៉ាងខ្លាំងនៅ United កាលពីឆ្នាំមុន។
យ៉ាងណាក៏ដោយ ទោះបីជាគាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងតារាងកីឡាករដែលប្រជែងស្បែកជើងមាសរបស់ Premier League ជាមួយនឹង១៨គ្រាប់ក៏ដោយ ក៏មានការអះអាងថា វត្តមានរបស់គាត់បានរារាំង United ពីការទទួលយកការប្រកួតដែលមានសម្ពាធខ្ពស់ ដែលរួមចំណែកដល់ទម្រង់ដ៏គួរឱ្យសោកស្តាយរបស់ពួកគេ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)