ការប្រកាសរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃទី២៦ ខែមិថុនា មុនពេលបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់រុស្ស៊ីនិងអ៊ុយក្រែនបានមានប្រសាសន៍ថា «សង្គ្រាមត្រូវតែបញ្ចប់ ហើយការផ្គត់ផ្គង់ស្បៀងអាហារនៅលើពិភពលោកនឹងត្រូវដំណើរការឡើងវិញ»។
ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធាន G20 ប្តូរវេន ក៏ជាប្រមុខដឹកនាំប្រទេសទ្វីបអាស៊ីដំបូងគេបង្អស់ដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ចាប់តាំងពីផ្ទះសង្គ្រាមនៅចុងខែកុម្ភៈឆ្នាំ២០២២មក។ ប្រធានាធិបតីឥណ្ឌូនេស៊ីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញឱ្យមានសន្តិភាព បញ្ចប់សង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន។
ប្រធានាធិបតី វីដូដូ បានបន្ថែមទៀតថា ទន្ទឹមគ្នានោះ លោកនឹងព្យាយាមស្នើឱ្យលោកពូទីន ចេញបញ្ជាឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយលោកក៏គ្រោងជំរុញឱ្យក្រុមប្រទេស G7 បន្តជួយស្វែងរកសន្តិសុខនៅអ៊ុយក្រែន ព្រមទាំងរិះរកមធ្យោបាយឱ្យបានឆាប់សម្រាប់វិបត្តិថាមពលនិងស្បៀងអាហារសកលនាពេលបច្ចុប្បន្នផងដែរ។
លោកប្រធានាធិបតីឥណ្ឌូនេស៉ី នឹងធ្វើដំណើរចេញពីប្រទេសនៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូល G7 ដែលរៀបចំឡើងនៅអាល្លឺម៉ង់ មុនបន្តទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន
និងរុស្ស៉ី។ កន្លងមកនេះ ឥណ្ឌូនេស៉ីបានថ្កោលទោសលើសង្រ្គាមនៅអ៊ុយក្រែន ហើយបានបង្ហាញការអាណិតអាសូរចំពោះប្រជាជនអ៊ុយក្រែនដែលបានរងទុក្ខវេទនា ប៉ុន្តែកាលពីខែមេសា លោក វីដូដូ បានឱ្យដឹងថា រូបលោកបានបដិសេធសំណើសុំជំនួយសព្វាវុធពីលោក ហ្សេលេនស្គី៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters