ខេត្តកំពង់ធំ៖ សិស្សសាលាចំនួន ៤នាក់ ក្នុងចំណោម ៧នាក់ បានស្លាប់ បន្ទាប់ពីពួកគេទៅជិះទូកទៅបេះផ្លែឈូក និងចុះងូតទឹកលេង លុះពេលឡើងទៅលើទូកវិញ ក៏ស្រាប់តែលិចទូក។
ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចបឹងទឹកល្អក់ ខាងត្បូងភូមិជាយសំពៅ ក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុនៅល្ងាចម៉ោង ៤កន្លះល្ងាចសិស្សទាំង ៧នាក់ ពួកគេបានណាត់គ្នាមកជិះទូកទៅបេះផ្លែឈូក នៅចំណុចកើតហេតុខាងលើ រួចក៏នាំគ្នាចុះមុជទឹកលេងក្នុងបឹង។ លុះដល់ពេលពួកគេនាំគ្នាឡើងមកលើទូកវិញនោះ ក៏បណ្តាលឲ្យលិចទូក បណ្ដាលឲ្យសិស្ស ៤នាក់បានលង់ទឹកស្លាប់តែម្តង។
កូនសិស្សទាំង ៤នាក់ដែលបានស្លាប់៖ ទី១.ឈ្មោះ ភាន់ សុខជឿន ភេទស្រី អាយុ១៣ឆ្នាំ, ទី២.ឈ្មោះ ចិត្រ រស្មី ភេទស្រី អាយុ១២ឆ្នាំ, ទី៣.ឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ ១២ឆ្នាំ និងទី៤.ឈ្មោះ ភឿន ចាន់ណា ភេទស្រី អាយុ ១៣ឆ្នាំ ហើយអ្នកទាង៤ មានទីលំនៅក្នុងភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ៕
ដោយ៖ សូរិយា