ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្ត Toyota Prius មួយគ្រឿងជ្រុលទៅបុករះឡំប្រឺតានិងរទេះលក់សាច់អាំងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២នៅត្រង់ចំណុចមុខហាងម៉ាស្សាមួយកន្លែង តាមបណ្ដោយផ្លូវ លេខ២៦១ កែងនឹងផ្លូវលេខ១៦០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តToyota Prius មួយគ្រឿងពណ៌ស ពាក់ស្លាកលេខនគរបាល2-1295 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៦១ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GH-2881 និងរទេះលក់សាច់អាំង ខណៈកំពុងចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ និងខ្ទាតសាច់អាំងរាយពេញផ្លូវ។ ភ្លាមៗនោះគេឃើញអ្នកបើកបរចេញពីរថយន្តដើរទ្រេតទ្រោតសង្ស័យស្រវឹងស្រា។
ក្រោយកើតហេតុគេឃើញមានអាជ្ញាធរមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា។ក្រោយពីសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោង ទើបខាងភាគីបង្កបានចេញសំណងថ្លៃខូចខាតទៅឱ្យភាគីម្ចាស់ឡំប្រឺតានិងភាគីម្ចាស់រទេះលក់សាច់អាំងដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ