ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើប HILUX REVO បុកម៉ូតូហុងដាឌ្រីម បណ្ដាលឱ្យបុរសពីរនាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមដែលជិះដោយបុរសពីរនាក់ពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់។

      ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃអាទិត្យទី២៦ ខែ មិថុនា ឆ្នាំ២០២២ ស្ថិតតាមមហាវិថីចោមចៅ កែងនិងផ្លូវ៣៧១(សឡា) ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

        យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ០១៨ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង 1N.6165 ធ្វើដំណើរតាមវិថីចោមចៅ(អតីតផ្លូវវេងស្រេង) ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកHILUX REVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-7757 បើកដោយបុរសម្នាក់ទិសដៅតាមបណ្ដោយផ្លូវ៣៧១សឡា ក្នុងល្បឿងយ៉ាងលឿនបានជ្រុលទៅបុកចំពាក់កណ្ដាលពេញទំហឹងបណ្ដាលឱ្យប៉ើងជាច្រើនម៉ែត្រនិងបុរសពីរនាក់រងរបួសធ្ងន់ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាមុយគ្លីនិចឯកជនដឹកយកទៅសង្គ្រោះផងដែរ ។

      ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កនិងបងប្អូនអ្នករងគ្រោះបាននាំគ្នាទៅមន្ទីរពេទ្យមើលជនរងគ្រោះដោយម្ចាស់រថយន្តព្រមសងសំណងថ្លៃព្យាបាលទាំងអស់ដើម្បីបញ្ចប់រឿង៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖