ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យបុកម៉ូតូកំពុងបើកលឿនដួលរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីមន្ត្រីជំនាញផ្នែកចរាចរណ៍ស្រុកសាលាក្រៅបានឲ្យដឹងថា÷នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់មុខជាងកាត់សក់ស្រាប់តែរថយន្តនោះបានបត់ពីលិចទៅកើត ឆ្លងផ្លូវជាតិលេខ៥៩  ខណ:ពេលនោះបណ្ដាលឲ្យបុកម៉ូតូកំពុងបើកលឿន ស្របគ្នាមកពីក្រោយ មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យអ្នកបើកម៉ូតូដួលរងរបួលធ្ងន់, រថយន្តបម្រុងបត់ទៅផ្សារសាលាក្រៅ ។

តាមសមត្ថកិច្ចនគរបាលចរាចរណ៍នៃអធិការស្រុកបន្តថា÷ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២ស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ   ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យមនុស្សរបួសធ្ងន់ម្នាក់ និងខូចខាតម៉ូតូ ០១គ្រឿង និងរថយន្ត ០១គ្រឿង។

សមត្ថកិច្ចនគរបាលជំនាញនៃអធិការស្រុកបានបន្តទៀតថា÷ជនរងគ្រោះឈ្មោះ យ៉ុន ទេព ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-5858 ( រងរបួសធ្ងន់បាក់ជើងខាងស្តាំ)។ អ្នកបើកបររថយន្តបង្កឈ្មោះ គឹម ណារឹទ្ធ ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិ ដូនឡ ឃុំសំក្រូច ស្រុកស្ទូង ខេត្តកំពង់ធំ បើកបររថយន្តម៉ាក ហុីយ៉ាន់ដាយ ស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-5538 (គ្មានរងរបួស)។

 មូលហេតុគ្រោះថ្នាក់នេះមកពីកត្តាមនុស្ស៖ បើកបររថយន្តបត់ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿន។ 

បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន,  រីឯវត្ថុតាង រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញផ្នែកចរាចរណ៍ ដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីដោះស្រាយតាមនីតិវិធី ៕

ដោយ៖ ស សារ៉េត


ចែករំលែក៖