ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ៖ ប្រជាពលរដ្ឋគាំទ្រលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយចាត់ទុកថាមានសារៈសំខាន់ណាស់ ព្រោះពួកគាត់ដឹងច្បាស់អំពីបញ្ហាក្នុងមូលដ្ឋារបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រជាពលរដ្ឋ បានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះមានតែប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដឹងច្បាស់អំពីបញ្ហាដែលបាននិងកំពុងកើតក្នុងសហគមន៍របស់ខ្លួន។

នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ថា «ពាក់ព័ន្ធនឹងការចលនាឱ្យបងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល ចូលរួម និង គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺពិតជាមានសារៈសំខាន់ ព្រោះមានតែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មាតាបិតា អាណាព្យាបាល ដែលយល់ និងដឹងច្បាស់ពីបញ្ហាដែលបាននិងកំពុងកើតមាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជា នៅក្នុងគ្រួសាររបស់ពួកគាត់ ហើយការចូលរួមរបស់ពួកគាត់ អាចជួយឱ្យយើងឆ្លើយតប ឬធ្វើអន្តរាគមន៍ទៅបានរលូន ចំបញ្ហា និងមានប្រសិទ្ធភាពខ្ពស់»។

សម្ដេចក្រឡាហោម បានបន្ដថា ហេតុនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ទាំងអស់ ត្រូវពង្រឹងយន្តការនៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់  ដែលនៅជិត នៅជាប់ និងធ្វើការជាមួយពួកគាត់រាល់ថ្ងៃ ឱ្យយកចិត្តទុកដាក់ និងធ្វើសកម្មភាពឱ្យកាន់តែសកម្ម និងឱ្យបានជាប់ជាប្រចាំថែមទៀត ដើម្បីលើកកម្ពស់ការចលនាឱ្យកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល ចូលរួមឱ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ/ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម បានបន្ថែមថា ការចូលរួមក្នុងសកម្មភាព ផ្សព្វផ្សាយអប់រំ គឺធ្វើឱ្យមានការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជា ចូលរួមក្នុងការលើកទឹកចិត្ត និងជំរុញ កូនចៅដែលជាអ្នកប្រើប្រាស់ ឬញៀនគ្រឿងញៀន ឱ្យបញ្ឈប់ការប្រើប្រាស់ ឬឱ្យទៅទទួលយក សេវាព្យាបាល និងស្តារនីតិសម្បទា។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តពួកគាត់ឱ្យចូលរួមអនុវត្ត នូវពាក្យស្លោក ៣កុំ ១ រាយការណ៍ ពិសេសចំណុច ១រាយការណ៍ ធ្វើយ៉ាងណាឱ្យពួកគាត់មានភាពក្លាហានក្នុងការរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមានមត្ថកិច្ច នូវរាល់ព័ត៌មានពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀន រួមមានដូចជា ការដាំដុះ ការផលិត ការចរាចរ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់។ ជាងនេះទៀត ក៏ជួយលើកទឹកចិត្តឱ្យ ពួកគាត់ចូលរួមអនុវត្តសេចក្តីណែនាំ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពាក់ព័ន្ធនឹងការបង្ការ និងទប់ស្កាត់ការធ្វើអាជីវកម្ម ស៊ីហ្សា បារីអេឡិចត្រូនិច (អ៊ីស៊ីហ្ការ៉ែត) និងការប្រើប្រាស់ផលិតផល អេចស៍ ធី ភី (HTPs) ព្រោះការធ្វើអាជីវកម្ម និងការប្រើប្រាស់របស់ទាំងនេះ អាចធ្វើជារបាំង និងជាច្រកចូល នៃការប្រើប្រាស់គ្រឿងញៀន ឬអាចជាកត្តាដែលនាំទៅប្រើប្រាស់គ្រឿងញៀន៕

ដោយ៖ សហការី


ចែករំលែក៖