ប្រធានាធិបតីរុស្ស៊ី លោកពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេស Tajikistan និងTurkmenistan ដែលជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសដំបូងបង្អស់របស់លោកចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន នាថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២មក។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រទេសទាំងពីរដែលលោកពូទីនបំពេញទស្សនកិច្ចនោះ ជាប្រទេសអតីតរដ្ឋក្នុងសហភាពសូវៀត ក្នុងតំបន់អាស៊ីកណ្ដាល នៅក្នុងសប្ដាហ៍នេះ ហើយវានឹងក្លាយជាការបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូង ចាប់តាំងពីលោកបានបញ្ជាឱ្យកងទ័ពរុស្ស៉ីវាយសម្រុកចូលអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។
លោក Pavel Zarubin ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំវិមានក្រឹមឡាំង មកពីស្ថានីយទូរទស្សន៍ Rossiya1បានឱ្យដឹងថា លោកពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតាហ្ស៉ីគីស្ថាន និងតួកមេនីស្ថាន ហើយក្រោយមកលោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូ កូ វីដូដូ ក្នុងទីក្រុងមូស្គូ។ បើតាមលោក ហ្សារូប៊ីនឱ្យដឹង គឺលោក ពូទីន ក៏មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Grodno នៃប្រទេសបេឡារូសផងដែរ នៅថ្ងៃទី៣០ ខែមិថុនា ហើយនៅថ្ងៃទី១ ខែកក្កដា ប្រធានាធិបតីរុស្ស៉ីរូបនេះនឹងចូលរួមក្នុងវេទិកាមួយជាមួយលោកប្រធានាធិបតីបេឡារុស អាឡិចហ្សាន់ឌឺ លូកាស់ឈិនកូ។
ដំណើរទស្សនកិច្ចលើកចុងក្រោយបង្អស់នៅក្រៅប្រទេសរបស់លោក ពូទីន គឺដំណើរទស្សនកិច្ចក្នុងទីក្រុងប៉េកាំង កាលពីដើមខែកុម្ភៈ ជាពេលដែលលោកបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN