ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចអីវ៉ាន់ចាប់ហួយនៅឃ្លាំងដែលទុកចោល

ចែករំលែក៖

ខេត្តរតនគិរី ៖  អធិការនគរបាលក្រុងបានលុង នៅថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង​១៧​និង​៣០នាទី​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច(អីវ៉ាន់ចាប់ហួយនិងសម្ភារផ្សេងៗមួយចំនួនទៀត) ។ក្នុងនោះដោយមានការ​សម្របសម្រួល​នីតិវិធី​ ពីលោក កែវ ភក្ដី ព្រះ​រាជអាជ្ញា​រងអមសាលាដំបូងខេត្ត។​

មន្ត្រីនគរបាលក្រុងបានលុងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ​ ភឹម​​ ប៊ុនរឿន​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ និងទីលំនៅមិនពិតប្រាកដ​។  រីឯជនរងគ្រោះជាម្ចាស់ឃ្លាំងឈ្មោះ ផា ថា ភេទប្រុស អាយុ៥៥ឆ្នាំ មានទី លំនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង១៧ និង ៣០នាទីថ្ងៃខែឆ្នាំខាងលើ ខណៈទទួល​ពាក្យបណ្តឹងពីប្រជាពលរដ្ឋរាយការណ៍ថា​ មានករណីលួច​នៅឃ្លាំង ទំនិញទុកចោលមួយកន្លែង​របស់ឈ្មោះ​ ផា​ ថា ស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍​ សង្កាត់ឡាបានសៀក​ ក្រុងបានលុង​ ខេត្តរតនគិរី​ ក្រោយ​ពីទទួលបាន​ព័ត៌មាន​ភ្លាម​ កម្លាំង​សមត្ថកិច្ចបានចុះទៅ​ដល់​កន្លែង​កើត​ហេតុ​ បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ដែល​មាន​អត្តសញ្ញាណ​ដូច​ខាងលើយកមកអធិការដ្ឋាននបាលក្រុងបានលុង ដើម្បីសាកសួរបំភ្លឺ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលេី​ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង​ កសាងសំណុំរឿងដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

ដោយ៖ សូរិយា


ចែករំលែក៖