ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យចំនួន៥នាក់ត្រូវកម្លាំងនគរបាលស្រុកល្វាឯមធ្វើការឃាត់ខ្លួនបាន២នាក់ក្នុងនោះមានម្នាក់ឈ្មោះពេជ្រ លង ក្រោយពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះដែលកំពុងបណ្តើរម៉ូតូដែលបែកកង់ជាមួយសង្សារបន្ទាប់ពីត្រឡប់មកពីដើរលេងវិញ។
ហេតុការណ៍ដែលកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យបាន២នាក់នេះគឺធ្វើឡើងនៅវេលាម៉ោង២២និង០០នាទីនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពប្លន់កាលពីថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីទៀបភ្លីនៅចំណុចភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលបានឱ្យដឹងថាជនរងគ្រោះមានចំនួន០១នាក់ឈ្មោះ សែម ដេវីត ហៅ ក្លូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករត់តុ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំពោះម៉ូតូ០១គ្រឿងដែលជនរងគ្រោះបាត់បង់នោះម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-9216 (រកឃេីញរួចបានប្រគល់ឱ្យជនរងគ្រោះវិញ)។
មន្ត្រីនគរបាលបានឱ្យដឹងបន្តថា ក្រុមជនសង្ស័យមានគ្នាចំនួន៥នាក់ ក្នុងនោះឃាត់ខ្លួនបាន២នាក់រួមមាន៖
១-ឈ្មោះ ម៉ឺន សាម៉ី ហៅ ម៉ី ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលើ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួននៅថ្ងៃទី២៦ខែមិថុនា២០២២ម៉ោង២២៖០០នាទី)។
២.ឈ្មោះ សឿន ផាន ហៅ ពេជ្រ លង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ លេី ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៣-ឈ្មោះ ខា ឃីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកល្វា ឃុំ ព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល(គេចខ្លួន)។
៤.ឈ្មោះ តាន់ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល(គេចខ្លួន)។
៥.ឈ្មោះ ពីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងឃុំ អរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល(គេចខ្លួន)។
កម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងរួមមាន ៖
១-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AG-9216 (ជារបស់ជនរងគ្រោះ)
២-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-1409 (ជារបស់ជនសង្ស័យ)។
ជនរងគ្រោះបានមកស្នាក់នៅធ្វេីការនៅហាងយីហោនគរមាស នៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ។ នៅថ្ងៃទី២០ ខែមិថុនា២០២២ វេលាម៉ោង១រំលងអធ្រាត្រ ជនរងគ្រោះបានចេញពីធ្វេីការជិះម៉ូតូជាមួយសង្សាររបស់ខ្លួនទៅដេីរលេងនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ លុះដល់ម៉ោងប្រហែល៣ទៀបភ្លឺថ្ងៃដដែល ជនរងគ្រោះនិងសង្សារបានជិះម៉ូតូឆ្លងទូកដអរិយក្សត្រត្រឡប់មកហាងកន្លែងធ្វេីការវិញ លុះពេលជនរងគ្រោះជិះមកហួសវត្តស្វាយជ្រំ ឃុំស្វាយជ្រំ បានបន្តិចកង់ម៉ូតូក៏ធ្លាយ ជនរងគ្រោះនិងសង្សារក៏នាំគ្នាបណ្ដេីរម៉ូតូ រហូតដល់ម៉ោង ៣៖៣០នាទីទៀបភ្លឺ ពេលជនរងគ្រោះបណ្ដេីរម៉ូតូជិតដល់កន្លែងខ្លួនធ្វេីការចម្ងាយប្រហែល៥០ម៉ែត្រ ស្រាប់តែឃេីញជនសង្ស័យចំនួន៥នាក់ខាងលើ ជិះម៉ូតូចំនួន០២គ្រឿងមកហួសជនរងគ្រោះបានបន្តិចក៏បត់ម៉ូតូត្រឡប់ក្រោយវិញមកឈប់ម៉ូតូពីខាងមុខម៉ូតូជនរងគ្រោះ និងស្រែកថា អ្ហែងឈប់! ហេីយជនសង្ស័យឈ្មោះ ពីន កាន់ដាវបានចុះពីលេីម៉ូតូរត់ដេញកាប់ជនរងគ្រោះ ពេលនោះជនរងគ្រោះរត់ចោលម៉ូតូរបស់ខ្លួន ហេីយជនសង្ស័យទាំងនោះបានលេីកម៉ូតូជនរងគ្រោះជិះយកទៅបាត់ ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង ហើយសមត្ថកិច្ចក៏បានចុះស្រាវជ្រាវ ស្វែងរកជនសង្ស័យ ។
លុះដល់ម៉ោង ១៣:០០នាទី ថ្ងៃដដែល ជនរងគ្រោះ បានដេីរស្វែងរកម៉ូតូខ្លួនក៏ប្រទះឃេីញម៉ូតូខ្លួននៅរោងជួសជុលម៉ូតូនៅភូមិលេី ឃុំស្វាយជ្រំ ហេីយជនរងគ្រោះក៏សួរអ្នកជួសជុលម៉ូតូថា បងស្គាល់អ្នកយកម៉ូតូនេះមកប៉ះទេ ហេីយគាត់នៅឯណា? អ្នកជួសជុលម៉ូតូបានប្រាប់ថា ស្គាល់ វាឈ្មោះ ផាន ហៅពេជ្រ លង រស់នៅភូមិលេី ឃុំស្វាយជ្រំ។ ពេលយកម៉ូតូមកប៉ះនោះឈ្មោះ ពេជ្រលងនិងឈ្មោះ ឃីម ហេីយអ្នកជួសជុលម៉ូតូក៏នាំជនរងគ្រោះទៅផ្ទះឈ្មោះ សឿន ផាន ស្របពេលនោះឈ្មោះ សឿន ផាន បានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-1409 ជាមួយឈ្មោះ ឃីម ជិះចេញបញ្ច្រាសម៉ូតូជនរងគ្រោះ ជនរងគ្រោះក៏ជិះម៉ូតូដេញតាមឈ្មោះ សឿន ផាន និងឈ្មោះ ខា ឃីម ហើយស្រែកថាចោរៗ លុះជនសង្ស័យទាំងពីរនាក់ជិះដល់ក្រោមដេីមស្វាយនៅភូមិលេី ឃុំស្វាយជ្រំ ក៏ទុកម៉ូតូចោលនៅទីនោះរត់គេចខ្លួនបាត់ទៅ។ រហូតមកដល់ថ្ងៃទី២៦.០៦.២០២២ វេលាម៉ោង២២៖០០នាទីកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ឺន សាម៉ី បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ