ព័ត៌មានទាន់ហេតុការណ៍៖

ស្រុតវេទិកាប្រកួតគោជល់នៅកូឡុំប៊ីស្លាប់និងរបួសជាង៧០នាក់

ចែករំលែក៖

ភាពចលាចលបានកើតឡើងនៅក្នុងទីក្រុង Espinal ប្រទេសកូឡុំប៊ីនៅថ្ងៃទី២៦ខែមិថុនា ក្រោយពេលវេទិកាធ្វើពីឈើ សម្រាប់ទស្សនាការប្រកួតគោជល់ តាមប្រពៃណីរបស់ប្រទេសនេះបានបាក់ស្រុត។
តាមការលើកឡើងរបស់មន្ត្រីក្នុងតំបន់បានឱ្យដឹងថា ហេតុការណ៍ខាងលើបណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ និងជាង៧០នាក់រងរបួស។ ក្រោយហេតុការណ៍ខាងលើ គោជល់បានរួចចេញក្រៅហើយដេញជល់មនុស្សពេញទីក្រុងបណ្តាលឱ្យមានភាពចលាចលកើតឡើង ។ ទីក្រុង Espinal មានពលរដ្ឋប្រមាណជិត៦ម៉ឺននាក់រស់នៅ។
សារព័ត៌មាន El Tiempo របស់ប្រទេសកូឡុំប៊ីបានផ្សាយថា អ្នករងរបួសមានគ្រប់អាយុ មានទាំងស្រីមានទាំងប្រុស ប៉ុន្តែសារព័ត៌មានខាងលើមិនបានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ខាងលើកើតឡើងនោះឡើយ។
អភិបាលក្រុង Espinal លោក Jose Ricardo Orozco បានឱ្យដឹងថា «មានមនុស្ស៤នាក់ស្លាប់ ក្នុងនោះមានស្ត្រីពីរនាក់ បុរសម្នាក់និងកុមារម្នាក់។
ពិធីប្រកួតគោជល់នៅថ្ងៃទី ២៦ខែមិថុនា គឺជាពិធីប្រចំាឆ្នាំតាមប្រពៃណី ដើម្បីលើកតម្កើងព្រះ Peter និង Paul ជាកូនសិស្សផ្ទាល់របស់ព្រះយេស៊ូ និងជាអ្នកបានលះបង់ដើម្បីសាសនាគ្រឹស្ត៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖