ខេត្តកណ្ដាល៖ ក្រុមក្មេងទំនើងមួយក្រុមធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យខូចខាតយ៉ាងដំណំស្មានតែម៉ូតូក្រុមក្មេងទំនើងដែលមានទំនាស់ជាមួយពួកគេតែប៉ះចំម៉ូតូម្ចាស់ហាងស៊យធំហ្មង។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅ ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២២ នៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្រ្តីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ៖ ជនរងគ្រោះ ឈ្មោះឈីវ ឌីណា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរលក់ដូរ។ ជនសង្ស័យ ៥នាក់៖
១-ឈ្មោះ លៀម ឈុនលី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ , មុខរបរសិស្សថ្នាក់ទី៩B1វិ/ហ.សចាក់អង្រែ(ឃាត់ខ្លួន)។
២-ឈ្មោះឈឿន វ៉ាន់ណា ហៅ ផាន់ ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ,មុខរបរសិស្សថ្នាក់ទី៩D2វិ/ហ.សចាក់អង្រែ(ឃាត់ខ្លួន)។
៣-ឈ្មោះ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញមុខរបរសិស្សថ្នាក់ទី១០ វិ/ហ.សចាក់អង្រែ(គេចខ្លួន)។
៤-ឈ្មោះ រក្សា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ,មុខរបរមិនពិតប្រាកដ(គេចខ្លួន)។
៥-ឈ្មោះ រ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ,មុខរបរ:សិស្សសាលាវេស្លែនតាខ្មៅ(គេចខ្លួន)។
វត្ថុតាងចាប់យក ៖ ១-កាំបិតប៉័ងតោដងឈេីចំនួន១ប្រវែង៣៤ស.ម(របស់ជនសង្ស័យ)។
១-អាវដៃវែងក្រឡាការ៉ូពណ៌ក្រហមលាយខ្មៅចំនួន១ម៉ាកUSALL មានអក្សរKEEP YOUR SELF RESPECT។
ប្រភពដដែលបានឲ្យដឹងថា នៅវេលាថ្ងៃខែកើតហេតុខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅមុខហាងលក់ភេសជ្ជះរបស់ខ្លួន ពេលនោះស្រាប់តែក្រុមជនសង្ស័យខាងលេី បានជិះម៉ូតូ២គ្រឿងមកដោយមានកាន់កាំបិតប៉័ងតោយកអាវរុំធ្វេីសកម្មភាពកាប់ទៅលេីម៉ូតូរបស់ជនរងគ្រោះដោយមិនដឹងមូលហេតុបណ្តាលឱ្យរងការខូចខាត រួចជិះម៉ូតូគេចខ្លួនបាត់ទៅ។ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមកកម្លាំងជំនាញបានធ្វេីការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញា រហូតដល់ថ្ងៃទី២៦ ខែឆ្នាំដដែលធ្វើការឃាត់ខ្លួនជនសង្ស័យបាន២នាក់ជាអ្នកបេីកម៉ូតូឌុបបក្សពួកធ្វេីសកម្មភាព ចំណែកឯងជនសង្ស័យ៣នាក់ទៀតជិះម៉ូតូគេខ្លួនបាត់។
ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាង ជ័យ