ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីត្រៀមអបអរសាទរខួបលើកទី៧១ នៃថ្ងៃកំណើតគណបក្សប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដើម្បីត្រៀមអបអរសាទរខួបលើកទី៧១ នៃថ្ងៃកំណើតគណបក្សប្រជាជន និងដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាអចិន្ត្រៃយ៍ផងដែរ ។ ពិធីនេះត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម  ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នារសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ។

ពិធីខួបកំណើតគណបក្សនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ទើបតែខកខានចុងក្រោយ ២ឆ្នាំ នេះ ដោយសារតែការរាត្បាតនៃជំងឺកូវីដ-១៩ ។  ប៉ុន្តែ ទោះជាខកខានមិនបានប្រារព្ធពិធីយ៉ាងណាក៏ដោយ ក៏ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារអបអរសាទរថ្ងៃកំណើតបក្សជារៀងរាល់ឆ្នាំផងដែរ។

គួររម្លឹកផងដែរថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ១៩៥១-២៨ ខែមិថុនា ឆ្នាំ២០២២នេះ មានអាយុ ៧១ឆ្នាំហើយបានក្លាយទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិកម្ពុជា៕

ដោយ ៖ សិលា


ចែករំលែក៖