ភ្នំពេញ ៖ សេចក្ដីថ្លែងការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ។
បន្ទាប់ពីបានធ្វើការវាយតម្លៃបឋមលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ តាមរយៈសេចក្តីថ្លែងការណ៍បឋម ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ និងពិនិត្យលើរបាយការណ៍ លម្អិតស្តីពីការសង្កេតការណ៍របស់គណៈកម្មាធិការនៃសហភាពសហព័ន្ធយុវជនកម្ពុជាទាំង ២៥ រាជធានី ខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងជាបន្តបន្ទាប់លើដំណើរការ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី ១៣-១៤ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ការប្រកាសលទ្ធផលស្ថាពរ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមរក្សាការសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឆ្លុះបញ្ចាំងអំពីកិច្ចដំណើរការល្អនៃប្រជាធិបតេយ្យ នៅកម្ពុជា និងសូមវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទី និងភារកិច្ចប្រកបដោយភាពហ្មត់ចត់ និងទទួលខុសត្រូវ ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅ គ្រប់កម្រិត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សា គ្មានការបង្ខិតបង្ខំ ត្រឹមត្រូវ យុត្តិធម៌ ឯករាជ្យភាព និងតម្លាភាព ស្របតាមច្បាប់កំណត់នៃការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើមូលដ្ឋាន នៃការវាយតម្លៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូមប្រកាសគាំទ្រនូវលទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសនៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ គឺពិតជាបានកើតចេញពីការបោះឆ្នោតមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ជាថ្មីម្តងទៀត សហភាពសហព័ន្ធយុវជនកម្ពុជា សូមជូនពរចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ទាំងអស់ សូមទទួលបានជោគជ័យគ្រប់តួនាទី ភារកិច្ច ក្នុងការឆ្លើយតបទៅនឹងការគាំទ និង ស្មារតីសុទិដ្ឋិនិយមរបស់ប្រជាជនកម្ពុជាលើសំឡេងឆ្នោតរបស់ខ្លួន ដើម្បីរក្សាសមិទ្ធផលជាតិដែលសម្រេចបាន និងកំពុងបន្តជំរុញការអភិវឌ្ឍឃុំ សង្កាត់នីមួយៗឲ្យកាន់តែមានវឌ្ឍនភាពទៅមុខជាលំដាប់ ៕
ដោយ ៖ សិលា