ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ត ឡិចសុីសRX330 ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមុខផ្សារដើមគ បាក់មួយកង់និងដាច់កាឡេទៅមុខលេងរួច

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត Lexus RX 330 មួយគ្រឿងមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅមុខផ្សារដើមគ បណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តដាច់កាឡេកង់មុខផ្នែកខាងឆ្វេងទៅមុខលេងរួច បង្កឲ្យមានការកកស្ទះចរាចរណ៍កាលពីវេលាម៉ោង៧ និង៥០នាទីយប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខផ្សារដើមគ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តបង្កម៉ាក  Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL-4323 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត(២១៧) ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅឆ្វេងដៃជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន១កង់ខ្ទាតមកកណ្ដាលផ្លូវម្ខាងទៀត និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ដល់អ្នកដំណើរ ។ រីឯរថយន្តបង្កបានដាច់កាឡេកង់មុខផ្នែកខាងឆ្វេងទៅមុខលេងរួចផងដែរ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនប៉ះពាល់ដល់មនុស្សណាម្នាក់រងរបួសនោះទេ ។

      បើតាមសម្ដីបុរសម្នាក់ជាតៃកុងរថយន្តបង្កបានប្រាប់ឲ្យដឹងដែរថា ដោយសារតែរូបគាត់បុករបាំងថ្មនេះគឺមកពីមានរថយន្តផ្សេងបើកបញ្ច្រាសគ្នាជះពន្លឺខ្លាំងពេក ធ្វើឲ្យគាត់មើលមុខមិនច្បាស់ទើបមានរឿងហេតុនេះកើតឡើង បន្ទាប់មកគាត់ក៏ចាកចេញពីកន្លែងកើតហេតុបាត់បន្សល់ទុករថយន្តចោល ។

     ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីផ្នែកជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយគ្នាតាមច្បាប់ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖