ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា អាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។ នេះបើយោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែល អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រចិនខាងត្បូង ។ សម្ពាធទាបនេះនឹងវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរឆ្ពោះទៅកាន់កោះហៃណាំ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C។ នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ ។ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី២៤-២៦°C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C។
នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣-តំបន់មាត់សមុទ្រ ៖
សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C។
នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕
ដោយ៖សុខ ខេមរា