ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ដល់សមាជិក សមាជិកា គណបក្សនៅទូទាំងប្រទេសបន្តរក្សាការងារល្អៗរបស់បក្សបម្រើជាតិប្រជាជន នឹងរក្សាភាពរឹងមាំរបស់គណបក្ស ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋបន្តទៀត។
ថ្លែងនៅចំពោះមុខសមាជិកគណបក្សរាប់ពាន់នាក់នៅក្នុងខួប៧១ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អស់រយៈពេល៧១ឆ្នាំហើយដែលគណបក្សនៅជាមួយ និងការពារពលរដ្ឋ ហើយការងារការពារនេះនៅតែបន្តទៅថ្ងៃអនាគតបន្តទៀត។
សម្ដេចបានប្រាប់ឱ្យមន្ត្រីគណបក្សទាំងអស់ធ្វើយ៉ាងណារក្សាសាមគ្គីភាព ធ្វើបក្សកាន់តែរឹងមាំ និងបន្តទទួលការគាំទ្រពីពលរដ្ឋបន្តទៀត។
សម្តេចតេជោបន្តថា, ផ្ដើមចេញពីការតស៊ូប្រឆាំងរបបអាណានិគម គណបក្សប្រជាជនបានជួយកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានដឹកនាំប្រទេសកម្ពុជាពីប្រទេសដែលខ្ទេចខ្ទាំរហូតក្លាយជាប្រទេសដែលមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។
សូមបញ្ជាក់ថា, បច្ចុប្បន្នគណបក្សនេះដឹកនាំដោយលោក ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន ៤រូប គឺលោក ស ខេង លោក សាយ ឈុំ លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ហើយលោក ហេង សំរិន ជាប្រធានកិត្តិយស។ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនមានចំនួន ៨៦៥នាក់៕
ដោយ ៖ សិលា