(តពីលេខមុន).
លំដាប់នោះ អាចារ្យត្រូវសូត្រឲ្យពរផ្កាស្លា វេលាសូត្រចប់ឲ្យអ្នកភ្លេងលេងបទកន្លង់ថោង(កន្លង់មាស) មេបាត្រូវចងដៃកូនប្រុសស្រីដោយអំបោះស ព្រមទាំងឱ្យស័ព្ទសាធុការពររៀងងៗខ្លួន ហើយស្រាយផ្កាកណ្ដាល និងផ្កាពៅចែកឱ្យពួកញាតិញោមបាចឱ្យពរជ័យដល់កូនប្រុស.ស្រី។ ក្នុងខណៈនេះឲ្យអ្នកភ្លេងភ្លេងបាយខុន រួចហើយឲ្យកូនប្រុសស្រីងើបអង្គុយឡើងបែរមុខទៅរកគ្នា ហើយក្រោកចូលទៅក្នុង កូនស្រីត្រូវចូលមុនកូនប្រុសចូលក្រោយឲ្យយកដៃចាប់ជាយស្បៃកូនស្រីចូលទៅក្នុង។ ក្នុងខណៈនេះត្រូវវាយឃ្មោះអ្នកភ្លេងត្រូវលេងភ្លេងលោមនាងហើយប្រែជាភ្លេងបាយខុនផាត់ជាយ។
កាលកូនស្រីទៅក្នុងហើយអ្នកមហាត្រូវជម្រាបមេបាសុំឱ្យកូនប្រុសស្រីទៅផ្ទឹមឯរោងផ្កាស្លា។ តែកិច្ចនេះអ្នកខ្លះធ្វើអ្នកខ្លះមិនធ្វើ។ អ្នកដែលធ្វើនោះដោយបំណងរបស់គេដើម្បីនិងប្រតិបត្តិតាមពាក្យដែលថា អាវាហវិវាហមង្គល ដែលប្រែថា ” កូនប្រុសទៅការឯផ្ទះកូនស្រី កូនស្រីនៅការកែផ្ទះកូនប្រុស” (តាមប្រពៃណីប្រទេសឥណ្ឌាសម័យបុរាណ) ដូចបានអធិប្បាយមកហើយខាងដើម បើមិនដូច្នោះឃើញហាក់ដូចជាមិនសមតាមឈ្មោះដែលហៅ ព្រោះពាក្យនេះគេតែងហៅជាប់គ្នាទាំងគូដូច្នេះ។
កាលផ្ទឹមចងដៃហើយ កូនប្រុសស្រីត្រូវត្រឡប់ទៅផ្ទះការវិញចូលទៅផ្លាស់គ្រឿងសំអាងចេញ ស្លៀកពាក់ជាថ្មី ហើយចេញមកអង្គុយកណ្ដាលជំនុំមេបាត្រង់ល្វែងនោះវិញ។ លំដាប់នោះ មេបាត្រូវចាត់ចែងយករណ្ដាប់ស្លាប្រសប់មុខការធំ រណ្ដាប់ស្លាប្រសប់មុខកាត់កំណត់ រណ្តាប់ស្លាប្រសប់មុខថង់រងតាមចំនួនដែលបានពោលហើយខាងដើមចែកជូនពួកញាតិចាក់ផ្ទេរយកទៅ…កិរិយាដែលពួកញាតិចាក់ទេផ្ទេរយកទៅនេះ គេហៅថា”គោះថង់រង” ។
មានទំនៀមថា ស្លាប្រសប់មុខគោះថង់រងធំនេះ ត្រូវបានដល់មា មីងបង្កើត របស់អ្នកសាម៉ីខ្លួនទាំងសងខាង ។ ស្នាប្រសប់មុខគោះថង់រងការកំណត់ ត្រូវបានដល់មា មីង ជីទួតមួយទាំងសងខាង។ ក្នុងអ្នកអម្បាលនេះ បើអ្នកឯណាមួយគ្មានខ្លួនឬជាបុគ្គលអភ័ព្វ មិនគួរទទួល និងចាត់ឱ្យញាតិដទៃទទួលជំនួសក៏បាន។ ចំណែកឯស្លាកន្សែងជាស្លាសម្រាប់ទទួលពួកញាតិទូទៅគ្មានប្រសព្វមុខគោះថង់រង គឺចែកឲ្យចំពោះរូបដូច្នេះទេ ។
ត្រង់រវាងនេះ ពីដើមបានទំនៀមថា មាតាបិតា ឬអាណាព្យាបាលទាំងសងខាង ទាំងកូនប្រុសទាំងខាងកូនស្រី ត្រូវនាំយកទ្រព្យទាំងពួងដែលត្រូវចែកឱ្យកូនរៀបការថ្មីនោះមកដាក់គរនៅទីចំពីមុខប្រជុំញាតិ ទ្រព្យគេហៅថា” កងទុន ” គឺគំនរទ្រព្យជាដើមទុនដែលមាតាបិតាអាណាព្យាបាលនឹងគប្បីចែកឱ្យក្នុងឱកាសនេះ។ ទ្រព្យនោះទាំងសងខាងត្រូវលៃឱ្យស្មើភាពគ្នា ឧបមាដូចយ៉ាងថា មាតាបិតាខាងប្រុសដាក់ប្រាក់ ១០០៛ មាតា បិតាខាងស្រីក៏ត្រូវដាក់ប្រាក់ ១០០៛ដែរ តែបើអ្នកម្ខាងជាអ្នកទាល់ក្រ អ្នកម្ខាងជាអ្នកស្ដុកស្ដម្ភនឹងដាក់តិចច្រើនជាងគ្នាទៅតាមធនធាននៃខ្លួនក៏បាន។ ទ្រព្យណាដែលជាអចលនវត្ថុ គឺជាទ្រព្យដែលមិនអាចនឹងនាំយកមកបានដូចយ៉ាងស្រែចម្ការច្បារដំណាំជាដើម ត្រូវធ្វើបញ្ជីកត់ត្រាចំណាំចំនួននិងតម្លៃ និងចុះនាមក្នុងបញ្ជីនោះយកមកដាក់ទ្រព្យណាជាអចលនវត្ថុដែលអាចនាំយកមកបានដូចយ៉ាង មាសប្រាក់សំពត់អាវ ជាដើមត្រូវនាំយកមកដាក់ហើយធ្វើបញ្ជីនោះប្រគល់ឲ្យរៀងខ្លួន ដោយមានក្រុមញាតិបានដឹងឮឃើញនឹងភ្នែកផង តែកិច្ចការនេះមានឃើញច្រើនតែអ្នកមានទ្រព្យសម្បត្តិធ្វើប៉ុណ្ណោះ។ អ្នកដែលមិនបានចែកក្នុងឱកាសរៀបមង្គលការនេះ គេអាចចែកនៅវេលាការរួចស្រេចហើយជាខាងក្រោយក៏មានច្រើន។ (នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត