ព័ត៌មានទាន់ហេតុការណ៍៖

កោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sing Manee ឱ្យចូលខ្លួន​ដើម្បីសួរនាំ និងទទួលកំហុសក្រោយបង្ហោះសារខុសពីការពិត និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងកម្លាំងមានសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកឈ្មោះ Sing Manee បានបង្ហោះសារមានខ្លឹមសារចោទប្រកាន់លើសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចស្តុបឈ្នះៗ (ស្តុបលីយ៉ុងផាត់) កាលពីថ្ងៃទី២៥  ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងស្វែងរកអត្តសញ្ញាណបុគ្គលនេះ។ 

បន្ទាប់ពី​ឃេីញដូចនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក ចាន់ រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០២២ម្សិលមិញនេះ​ បានកោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sing Manee ឱ្យចូលខ្លួន​ដើម្បីសួរនាំ ហើយគាត់ក៏បានទទួលកំហុសបានបង្ហោះសារខុសពីការពិត និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងពិតប្រាកដមែន។ 

ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំអប់រំ សុំទោសជាសាធារណៈ​ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏អនុញ្ញាតឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ​ ។ 

ជាមួយគ្នានោះ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក៏សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖