ខេត្តកណ្តាល៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី២៨ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Sovann Rithy បានបង្ហោះវីដេអូក្មេងទំនើងបង្ហោះម៉ូតូ អមដោយមានខ្លឹមសារថា ៖ ឡូយអត់? ច្បាស់អត់ប៉ុណ្ណឹង? ចាំមើលសមត្ថកិច្ចចាប់យកមកអប់រំបានអត់? បើមានទាំងហ្វេសប៊ុក និងស្លាកលេខច្បាស់ប៉ុណ្ណឹងទៅហើយ? ក្រុមអ្នកលេងម៉ូតូកង់មួយអួតតាមហ្វេសប៊ុកមហាជនលើកឡើងថា ក្រុមក្មេងស្ទាវទាំងនេះតែងតែបង្ហោះម៉ូតូជាញឹកញាប់ បង្កការភ័យខ្លាចដល់អ្នកធ្វើដំណើរតាមផ្លូវយ៉ាងខ្លាំង នៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល សូមបងៗប៉ូលីសជួយចាប់ណែនាំផង ព្រោះមហាជនឃើញក្មេងស្ទាវបង្ហោះម៉ូតូ នៅភូមិឃុំខាងលើ ជារៀងរាល់ថ្ងៃក្លាយជាល្បែងអួតគេអួតឯងពេញហ្វេសប៊ុកទៅហើយ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ ។
ជាលទ្ធផល ៖ នៅវេលាម៉ោង០៩ព្រឹកថ្ងៃចន្ទទី២៧ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ លោកអធិការ បានបញ្ជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ចុះស្រាវជ្រាវកំណត់មុខសញ្ញាបង្ហោះម៉ូតូខាងលើ បានឲ្យដឹងថា អ្នកបង្ហោះម៉ូតូមានឈ្មោះ សឿន ឌីណា ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានកោះហៅយុវជនខាងលើមកសាកសួរ ។ ក្រោយពីសាកសួរយុវជនខាងលើ ឆ្លើយសារភាពថា ៖ សកម្មភាពបង្ហោះម៉ូតូមិនមែនបង្ហោះម៉ូតូនៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាលទេ គឺខ្លួនបង្ហោះម៉ូតូនៅក្នុងភូមិសាស្រ្តឃុំសិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជាចំណាត់ការ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បានអប់រំណែនាំ និងធ្វើកិច្ចសន្យា នៅចំពោះមុខអាណាព្យាបាល បញ្ឈប់ដាច់ខាតសកម្មភាពបង្ហោះម៉ូតូបន្តទៅទៀត ហើយប្រសិនថ្ងៃក្រោយមិនរាងចាលសមត្ថកិច្ច និងចាត់ការតាមនីតិវិធី ។
ដោយឡែក ចំពោះក្រុមក្មេងស្ទាវ ដែលពាក់ព័ន្ធ ក្នុងការបង្ហោះម៉ូតូនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធបន្តស្រាវជ្រាវកំណត់មុខសញ្ញាកោះហៅមកធ្វើការអប់រំជាបន្តទៀត។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕
ដោយ៖សហការី