មជ្ឈមណ្ឌលផ្សារទំនើបនៅក្នុងទីក្រុង Kremenchug ភាគកណ្តាលប្រទេសអ៊ុយក្រែន ត្រូវភ្លើងឆាបឆេះយ៉ាងខ្លាំងនៅល្ងាចថ្ងៃទី ២៧ខែមិថុនា។ មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានមនុស្ស១០នាក់ស្លាប់ និងជាង៤០នាក់រងរបួស។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងថា ក្នុងពេលគ្រោះអគ្គិភ័យកើតឡើង នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបមានមនុស្សប្រមាណ ជាង១០០០នាក់។ រថយន្តពន្លត់អគ្គិភ័យជាង២០គ្រឿង និងក្រុមពន្លត់អគ្គិភ័យជាង១០០នាក់បានទៅកាន់កន្លែងកើតហេតុភ្លាមៗដើម្បីគ្រប់គ្រងស្ថានភាព ។
រូបភាពនៅកន្លែងកើតហេតុបានបង្ហាញឱ្យឃើញថា មានមនុស្សរាប់សិបនាក់ស្លៀកពាក់ឯកសណ្ឋានយោធាបានរត់ភៀសខ្លួននៅកន្លែងចតរថយន្ត ដោយមិនមានរថយន្តចតនោះឡើយ។ សារព័ត៌មានរុស្ស៊ីបានចោទជាសំណួរថា ហេតុអ្វីបានមិនមានរថយន្តចតនៅចំណតរថយន្តដូច្នេះ ខណៈដែលរដ្ឋាភិបាលបញ្ជាក់ថាមានមនុស្សប្រមាណ១០០០នាក់នៅក្នុងផ្សារទំនើបនោះ?
នៅលើបណ្តាញសង្គម មនុស្សជាច្រើនបានលើកឡើងថា មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ ស្ថិតនៅក្បែររោងចក្រផលិតនិងជួសជុលគ្រឿងម៉ាស៊ីនធុនធំ Kredmash ស្ថិតនៅជិតផ្លូវដែកបំបែកជា៣ ដែលរុស្ស៊ីតែងតែចាត់ទុកជាគោលដៅវាយប្រហារ ។
មានប្រភពព័ត៌មានបានផ្សាយថា រោងចក្រ Kredmash បានចូលរួមនៅក្នុងការជួសជុលរថក្រោះ រថពាសដែកសម្រាប់កម្លាំងទាហានរុស្ស៊ី ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យឆាបឆេះនៅឡើយទេ ឬក៏ជាការការវាយប្រហារពីកម្លាំងទាហានរុស្ស៊ីឬយ៉ាងណា ?៕ ដោយ៖ ធីរីណា
រូបថត ៖ Reuters