ព័ត៌មានទាន់ហេតុការណ៍៖

បុណ្យសមុទ្រឆ្នាំនេះនឹងរៀបចំនៅខេត្តព្រះសីហនុ, លោករដ្ឋមន្ត្រី ថោង ខុន អំពាវនាវដល់ផ្នែកឯកជន ដាក់ចុះតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យចាប់ពី ឥឡូវនេះទៅ ដើម្បីប្រកួតប្រជែងទីផ្សារ ឱ្យមានប្រសិទ្ធភាព

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលគ្រោងនឹងរៀបចំនៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំបុណ្យសមុទ្រ បានថ្លែងអំពាវនាវដល់ផ្នែកឯកជនទាំងអស់ ត្រូវរៀបចំដាក់ចុះនូវតម្លៃកញ្ចប់ទស្សនកិច្ចឱ្យបានសមរម្យ និងសមស្របសម្រាប់ភ្ញៀវទេសចរអាចទទួលយកបាន ដើម្បីជាការប្រកួតប្រជែងសម្រាប់តម្លៃទីផ្សារសម្រាប់ទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ។​ នេះបើយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​បានឱ្យដឹង​នៅយប់ថ្ងៃ​៣ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២២។ 

កិច្ចប្រជុំនេះដែរបានរៀបចំនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោកស្រី​ មិថុនា ភូថង អភិបាលខេត្តកោះកុង រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ និងផ្នែកឯកជនជាច្រើនរូបទៀតផងដែរ។

ពាក់ព័ន្ធនឹងការរៀបចំបុណ្យសមុទ្រ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍នេះ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំពាវនាវដូចនេះថា៖« សូមអំពាវនាវដល់ វិស័យឯកជនទាំងអស់ត្រូវដាក់ចេញនូវកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃឱ្យបានសមរម្យ និងរស់រវើក និងបត់បែនឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណា ទាក់ទាញឱ្យបានសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ និងធ្វើយ៉ាងណាសម្រួលនូវរបាំងនៃការធ្វើដំណើររបស់ភ្ញៀវទេសចរឱ្យកាន់តែមានភាពងាយស្រួល»។

លោករដ្ឋមន្ត្រី បានកត់សំគាល់ដែរថា ឋិតនៅក្នុងដំណាក់កាលក្រោយកូវីដ១៩នេះ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ គឺមិនមានច្រើនដូចមុនកូវីដនោះទេ ដោយកត្តាជីវភាពទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុក ដូចនេះវិស័យឯកជន ជាមួយនឹងការកែប្រែលើកកម្ពស់គុណភាពសេវារបស់ខ្លួនឱ្យល្អហើយនោះ សំខាន់គឺត្រូវរៀបចំកញ្ចប់សេវាទស្សនកិច្ចរបស់ខ្លួនឱ្យកាន់តែរស់រវើក និងតម្លៃឱ្យបានសមសម្យ ដោយមើលទៅលើកត្តាជីវភាព និងការដើរកម្សាន្តរបស់ពលរដ្ឋ និងដើម្បីជាការប្រកួតប្រជែង ជាមួយនឹងទីផ្សារក្រៅស្រុកផងដែរ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញជំនឿជាក់ថា បើសិនជាវិស័យឯកជនបានរៀបចំតម្លៃតម្លៃទស្សនកិច្ចបានថោកសមរម្យ ព្រមជាមួយនឹងការធ្វើដំណើរតាមច្រកទ្វារអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា កាន់តែមានភាពងាយស្រួលផងនោះ វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងអាចទទួលបានភ្ញៀវទេសចរ កាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។

សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្របជាមួយនិងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាត បំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅលើទឹកដីខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន៕

ដោយ​៖សហការី​


ចែករំលែក៖