ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋវៀតណាមរងគ្រោះ ៤០០ នាក់ចាញ់បោកតាមបណ្ដាញសង្គមហ្វេសប៊ុកមកធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវជួយសង្គ្រោះត្រឡប់ទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរ​មានសមត្ថកិច្ចរបស់ប្រទេសវៀតណាមនិង​កម្ពុជា បាន​បើកកិច្ចប្រតិបត្តិការសហការ​គ្នា​បញ្ជូន​ពលរដ្ឋ​វៀតណាម ៤០០​ នាក់ដែល​ត្រូវ​បាន​ជនខិលខូចបោក​បញ្ឆោត​លក់​មក​កម្ពុជាឱ្យត្រឡប់ទៅស្រុក កំណើតនៅប្រទេសវៀតណាមវិញ ខណៈមកទល់ពេល នេះអាជ្ញាធរទាំងពីរក៏បានធ្វើការរួមគ្នាដើម្បីផ្ទៀងផ្ទាត់ករណីដែលជនជាតិវៀតណាមត្រូវបានក្រុមជួញដូរមនុស្សនាំមកកម្ពុជាផងដែរ ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានប្រាប់សារព័ត៌មានកាលពីថ្ងៃអាទិត្យថា បន្ទាប់ពីមានកិច្ចសហការគ្នានេះ ជនជាតិវៀតណាមជិត ៤០០ នាក់ត្រូវបានជួយសង្គ្រោះ និងនាំយកមកកាន់ប្រទេសកំណើតវិញ ។ មួយរយៈចុងក្រោយ នេះមានជនជាតិវៀតណាមជាច្រើននាក់ត្រូវបានបោក បញ្ឆោតឲ្យមកធ្វើការនៅកម្ពុជា ហើយក្នុងករណីភាគ ច្រើននៃការជួញដូរទាំងនោះបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គម Facebook រួមជាមួយកម្មវិធីផ្ញើសារ និងហៅទូរស័ព្ទរបស់វៀតណាមឈ្មោះ Zalo ដោយផ្តោតលើមនុស្សគ្រប់អាយុធ្វើការ ប៉ុន្តែមិនមានការងារច្បាស់លាស់ ដោយបានសន្យាថានឹងមានការងារធ្វើបានប្រាក់ខែរហូតដល់ខ្ទង់រាប់ពាន់ដុល្លារ ។

ទន្ទឹមនោះ បើមានកម្មករ​វៀតណាមណាម្នាក់មិនព្រមធ្វើតាម ពួកគេ​នឹងរងការ​វាយដំ ក៏ដូចជាបង្អត់​អាហារជាដើម ខណៈក្នុង​ករណី​ផ្សេង​ទៀតក៏ត្រូវបានរកឃើញផងដែរថា អ្នក​រត់​ពន្ធ​មក​កម្ពុជា​រួម​មាន​ស្ត្រី​វ័យ​ក្មេង​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ជា​ស្ត្រី​ពេស្យាចារ ។

ស្របពេលជាមួយគ្នានេះ ជនរងគ្រោះបានប្រាប់ប៉ូលិសថា អ្នកណាដែលចង់ត្រឡប់ទៅប្រទេសវៀតណាមវិញត្រូវតែទាក់ទងក្រុមគ្រួសាររបស់ពួកគេជាមុនសិន ហើយបង់ប្រាក់ធានាក្នុងចន្លោះប្រហែល ៨០ ទៅ ១០០ លានដុង (៣.៤៤៦ ដុល្លារ) ។

ជាធម្មតាជនរងគ្រោះត្រូវបានរត់ពន្ធចូលមកកម្ពុជាជាលក្ខណៈក្រៅផ្លូវការ ហើយត្រូវបានបញ្ជូនទៅធ្វើការនៅក្រុមហ៊ុនបរទេស ហើយម្ចាស់ក្រុមហ៊ុនបានស្នើបុគ្គលិកវៀតណាមរបស់ពួកគេឲ្យបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗដែលក្លែងបន្លំជាគេហទំព័រពាណិជ្ជកម្ម ឬវេទិកាវិនិយោគហិរញ្ញវត្ថុដើម្បីប្លន់អតិថិជនដោយគ្មានការសង្ស័យ ៕

ដោយ៖ សូរិយា


ចែករំលែក៖