ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកបររថយន្តម៉ាកស៊ីណាបុកអ្នកជិះម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់ ដាច់ជើងម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋក្នុងភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានឱ្យដឹងថា កាលពីព្រឹកម្សិលមិញ ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំក្រាលក្រួសក្រហមមួយ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងរវាងរថយន្តរត់ឈ្នួល នឹងអ្នកជិះម៉ូតូដែលបើកច្រាសទិសគ្នា បណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសដាច់ជើងម្ខាងម្នាក់មើលទៅគួរឱ្យរន្ធត់ខ្លាំងណាស់ ។

    ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិដដែលបានបន្តថា មុនកើតហេតុគេឃើញឈ្មោះ សេស ភារុំ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិល្វេង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ បើកបររថយន្ត១គ្រឿងម៉ាក ស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-7597 ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុបានបុកអ្នកជិះម៉ូតូឌុបគ្នាដែលកំពុងធ្វើដំណើរច្រាសទិសគ្នាបណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតរបួសដាច់ជើងម្ខាង។

    ប្រភពបញ្ជាក់បន្តទៀតថា ភាគីរងគ្រោះជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ បឿន ពុធ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ របួសដាច់ជើងខាងស្ដាំ(ធ្ងន់)និងអ្នករួមដំណើរឈ្មោះ ណយ រ៉ន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា(ស្លាប់)។ 

    ប្រភពបន្ថែមទៀតថា មន្ត្រីនគរបាលជំនាញ និងមន្ត្រីមូលដ្ឋានបានធ្វើកំណត់ហេតុចាត់ចែង ចំណែកវត្ថុតាងម៉ូតូ និងរថយន្តប្រគល់ជូនការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តពោធិ៍សាត់ ដើម្បីរក្សាទុករង់ចាំបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖