ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តកំពង់ចាមឃាត់ខ្លួនកូនកញ្ច្រែងកត់ឆ្នោតពីរនាក់ ពេលនោះមេឆ្នោតមកតវ៉ាក៏ត្រូវឃាត់ម្នាក់ទៀត

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ និងទទួលបានការឯកភាពពីលោកឧត្តម សេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើនិងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការនេះក្រោមការដឹកនាំសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) បានចំនួន២ទីតាំង គឺទីតាំងទី១នៅចំណុចផ្ទះរបស់ឈ្មោះសារ៉េត នៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយឃាត់ខ្លួនបានមុខសញ្ញាចំនួន០១នាក់ ឈ្មោះ  សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១-ប្រាក់រៀលចំនួន២០.០០០រៀល(ពីរម៉ឺនរៀល), ២-ទូរស័ព្ទដៃចំនួន០១គ្រឿង, ៣-ម៉ាស៊ីនគិតលេខចំនួន០១, ៤-ប៊ិកចំនួន០២ដើមនិងបន្ទាត់ចំនួន០២, ៥-កូនសៀវភៅកត់លេខឆ្នោតចំនួន០១ក្បាលនិងកាតុងកត់ឆ្នោតមួយចំនួន។

    ទីតាំងទី២ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ស.ច.ន នៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស.ច.ន ភេទស្រី ជនជាតិខ្មែរ នៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១-សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន០៣ក្បាល, ២-ទូរស័ព្ទចំនួន០១គ្រឿង, ៣-ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង, ៤-កាបូកស្ពាយចំនួន០១, ៥-ប៊ិកចំនួន០១ដើម, ៦-ប្រាក់ចំនួន ១៥០.០០០រៀល(ដប់ប្រាំម៉ឺនរៀល)។

    ក្រោយពេលកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានយកមុខសញ្ញាទាំង០២នាក់ខាងលើ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ។ ពេលកំពុងសាកសួរមុខ សញ្ញា ស្រាប់តែឈ្មោះដុំ វួចលីម ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាមេឆ្នោតបានមកអះអាងថាមុខសញ្ញា០២នាក់ខាងលើជាអ្នកលក់ឆ្នោតឱ្យខ្លួន និងបានរារាំងមិនឱ្យសមត្ថកិច្ចយកមុខសញ្ញាទាំង០២នាក់ខាងលើមកអនុវត្តតាមផ្លូវច្បាប់នោះឡើយ។ ពេលនោះដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនឈ្មោះ ដុំ វួចលីន នេះម្នាក់ទៀត។ 

    បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់រួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីតាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

ដោយ៖ សូរិយា


ចែករំលែក៖