ខេត្តកំពង់ឆ្នាំង ៖ ជើងស្រ្តីម្នាក់បានរងរបួសបាក់ទាំងសងខាងបន្ទាប់ពីត្រូវម៉ូតូមួយគ្រឿងបើកបុកពេញទំហឹងក្នុងពេលដែលស្រ្តីរងគ្រោះកំពុងជិះកង់លើផ្លូវកៅស៊ូ។ ហេតុការណ៍ម៉ូតូបុកកង់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង ១៥នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥៣ ក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
ប្រភពនៅកន្លែងកើតហតុបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះកង់ក្នុងទិសដៅពីកើតទៅលិច នៅពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង ១P – ៩៨៤៧ ដែលធ្វើដំណើរច្រាសទិសគ្នាក្នុងល្បឿនយ៉ាងលឿនមកបុកកង់របស់ស្រ្តីរងគ្រោះដែលកំពុងជិះ ពេញមួយទំហឹង បណ្តាលឱ្យជនរងគ្រោះប៉ើងខ្ទាតដួលចេញពីកង់បណ្តាលឱ្យស្រ្តីរងគ្រោះរងរបួសបាក់ជើងទាំងសងខាងតែម្តង ។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ថាជាអ្នកបម្រើការងារនៅផ្ទះអ្នកខ្វៃជ្រូកមួយកន្លែង ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ជាស្រ្តីក្រីក្រ ហើយនាពេលនេះជួបអកុសលបែបនេះទៀត ។ សូមសប្បុរសជនជិតឆ្ងាយជួយសង្រ្គោះគាត់ផង ៕
ដោយ ៖ ចន្ថា