ខេត្តព្រះសីហនុ៖ បើយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៩ ខែមិថុនា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនក្មេងទំនើង២ក្រុម ពាក់ព័ន្ធនិងក្នុងបណ្តាញសង្គមTikTok បានបង្ហោះសកម្មភាពកាន់កាំបុិតផ្គាក់ ទីប ដំបងដេញវាយគ្នា។
របាយការណ៍ដដែលបន្តថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី ដោយកម្លាំងជំនាញធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០៥នាក់ យកមកសាកសួរពាក់ព័ន្ធនិងក្នុងបណ្តាញសង្គមTikTok បានបង្ហោះសកម្មភាពក្មេងទំនើងចំនួន០២ក្រុមឈ្លោះប្រកែកគ្នាដោយភាគីម្ខាងៗមានកាន់កាំបុិតផ្គាក់ ទីប ដំបងដេញវាយ និងរកកាប់គ្នានៅចំណុចឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជាក់ស្ដែងក្រុមទី១ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់ក្មេងទំនេីងចំនួន០៣នាក់៖ ១.ឈ្មោះ បេន ខាវ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ២.ឈ្មោះ គង់ កក្កដា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(កាន់ដំបងទីប) ។ និង៣.ឈ្មោះ សៀង ចាង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែកក្រុមទី២ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនក្មេងទំនើងចំនួន០២នាក់៖ ១.ឈ្មោះ នួន នី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ និង២.ឈ្មោះ នួន គ្រឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រែចាមលើ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(កាន់ដំបងឈើ) ។
ក្រោយពីឃាត់ខ្លួនសាកសួរក្មេងទំនើងទាំងនោះរួចហើយ កម្លាំងសមត្ថកិច្ចជំនាញបានហៅអាណព្យាបាល ធ្វើកិច្ចសន្យា និងអប់រំណែនាំ និងបានឱ្យត្រលប់ទៅវិញ ៕
ដោយ៖សហការី