ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកសំឡូតបានចាប់ឃាត់ខ្លួនពិរុទ្ធជនម្នាក់ តាមដីការបស់តុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនាកាលពីឆ្នាំ២០១៩ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ ដោយអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង លេខ២៥២ត/ព្រ ចុះថ្ងៃទី៥ខែឧសភាឆ្នាំ២០២១ ដោយបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ អៀង គីមភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ជាប់ចោទពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅភូមិអូររំចេកក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។
របាយការណ៍ដដែលបានបន្តថា អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកបានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសំរិល ឈានដល់ការឃាត់ខ្លួនជនជាប់ចោទតែម្តង។
នគរបាលស្រុកសំឡូតនៅព្រឹកថ្ងៃពុធទី២៩ ខែមិថុនា ឆ្នាំ២០២២នេះបានរៀបចំបញ្ជូនពិរុទ្ធជនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដេីម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖អរុណរះ