ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៃកបទ.សអ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៃកបទ.សអ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ” និង “នីតិវិធីស្តីពីការបញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ត ឬបញ្ជីបច្ចុប្បន្នភាពឈ្មោះបុគ្គល ឬអង្គភាពក្នុងបញ្ជីរួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬរបស់គណៈកម្មាធិការនៃក្រុមប្រឹក្សានេះ” នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយ “ច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និង នីតិវិធីស្តីពីការ បញ្ជូនដោយមិនបង្អង់នូវសេចក្តីសម្រេចចិត្ដ ឬបញ្ជីបច្ចុប្បន្នភាពឈ្មោះបុគ្គល ឬអង្គភាពក្នុងបញ្ជីរួម របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬរបស់គណៈកម្មាធិការនៃក្រុមប្រឹក្សានេះ ក្រោម អធិបតីភាពរបស់ លោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ នៃកបទសអ ដោយមានការចូលរួម ពីតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជាសរុបចំនួន ១៧០នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយច្បាប់ និងនីតិវិធីអនុវត្តខាងលើដល់ អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅកម្ពុជាដែលពុំធ្លាប់ចូលរួមក្នុងសិក្ខាសាលារបស់ កបទ.សអ ឬ ពុំទាន់យល់ច្បាស់អំពីប្រធានបទខាងលើ។ រហូតមកទល់ពេលនេះ កបទ.សអ បានរៀបចំសិក្ខាសាលា អំពីប្រធានបទនេះចំនួនបួនលើក ដើម្បីធានាថាអង្គការមិនមែនរដ្ឋាភិបាលបរទេសទាំងអស់នៅកម្ពុជា យល់ដឹង និងអាចអនុវត្តកាតព្វកិច្ចជាបុគ្គលរាយការណ៍របស់ខ្លួនបានខ្ជាប់ខ្ជួន ព្រមទាំងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ អនុវត្តវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

នៅចុងបញ្ចប់នៃសិក្ខាសាលា សិក្ខាកាមត្រូវបានស្នើឱ្យផ្ដល់កិច្ចសហការ និងការយកចិត្ត ទុកដាក់ខ្ពស់ក្នុងការស្វែងយល់អំពីកិច្ចការប្រឆាំងដល់ការរីកសាយភាយអាវុធមហាប្រល័យ និងអនុវត្ត តាមច្បាប់ និងនីតិវិធីខាងលើ ៕

ដោយ ៖ សិលា


ចែករំលែក៖